អាកាសយានិក ក្រុមហ៊ុនអាកាសចរណ៍ China Airlines បន្តធ្វើបាតុកម្ម

12-02-2019 8:49am

ចិនៈ ចាប់តំាងពីថ្ងៃអាទិត្យ មកទល់ពេលនេះ ក្រុមអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ China Airline បន្តធ្វើបាតុកម្ម ឈានចូលថ្ងៃទី៣ហើយ។ ក្រុមអាកាសយានិក បានប្តេជ្ញាបន្តធ្វើបាតុកម្មទៀត បើទោះបីមានការលុបចោលជើងហើរ និងរាំងស្ទះអ្នកដំណើរតាមផ្លូវអាកាសយ៉ាណាក៏ដោយ។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ China airline បានបញ្ជាក់ថា ពួកគេខិតខំចរចារកដំណោះស្រាយឲ្យបានឆាប់ៗផងដែរ ប៉ុន្តែថា អ្វីដែលក្រុម ភីឡុត កំពុងទាមទារនោះ គឺមិនដូចគ្នា នឹងអ្វីដែលបានលើកឡើងជាសាធារណៈនេះទេ។

ក្រុមអាកាសយានិកប្រមាណ១,៣០០នាក់ ដែលមានសហជីពដឹកនាំត្រឹមត្រូវនោះ បានធ្វើបាតុកម្មទាមទារក្រុមហ៊ុនគោរពច្បាប់ការងារ ទាមទារប្រាក់ថែមម៉ោង និងប្រាក់បន្ថែមនៅពេលដំណាច់ឆ្នាំ។ ពួកគេបានលើកឡើងថា ម្ចាស់ក្រុមហ៊ុន គ្មានភាពស្មោះត្រង់ ជិះជាន់លើកម្លាំងពលកម្មរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។ បាតុកម្មនេះ ចាប់ផ្តើមកាលពីចុងសប្តាហ៍មុន រហូតមកដល់ដើមសប្តាហ៍នេះទៀត នៅមិនទាន់មានដំណោះស្រាយទេ។

ជើងហោះហើរប្រមាណ៤៧ជើង ត្រូវប្រកាសផ្អាកការហោះហើរបណ្តោះអាសន្ន ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្តាលតៃវ៉ាន់ ផ្សាយកាលពីថ្ងៃអាទិត្យ។ ការលុបចោលជើងហោះហើរនេះ មានជើងហោះហើរទៅកាន់ទីក្រុងហុងកុង, បាងកក, ឡូស អេនចឺឡេស, ម៉ានីល និងតូក្យូជាដើម ។ យន្តហោះទាំងនេះចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan ភាគខាងត្បូងទីក្រុងតៃបិ ។

ក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់តៃវ៉ាន់នេះ បង្កើតឡើងក្នុងឆ្នាំ១៩៥៩ ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមអាកាសធំលំដាប់ទី២ ដែលមានជើងហោះហើរប្រមាណ៨៨គ្រឿង ៕