និស្សិតសាកលវិទ្យាល័យ AUPP ទទួលបានជ័យលាភីជើងឯក​ ពីការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA

12-02-2019 8:05am

ភ្នំពេញៈ និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មួយក្រុមទទួលបានជ័យលាភីជាជើងឯកពីការប្រកួតខាងផ្នែកស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិ និងក្លាយជាអ្នកតំណាងកម្ពុជាក្នុងការចូលរួមការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA ថ្នាក់តំបន់នៅប្រទេសអូស្រ្តាលី ដែលមានការចូលរួមប្រកួតពីបណ្តានិស្សិតមកពីជាង ២៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីពិ​ក។

យោងតាមសេចក្តីប្រកាសព័ត៌​មាន កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឱ្យដឹងថា និស្សិតសាកលវិទ្យាល័យ AUPP ចំនួន៥នាក់ បានទទួលជ័យជំនះជាជើងឯកនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាមួយ ក្រុមនិស្សិតមកពី CamEd Business School សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា។ 

នេះជាលើកទី១ហើយ ដែលកម្ពុជាបានចូលរួមក្នុងការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិនេះ។ ការប្រកួតនេះតម្រូវឱ្យនិស្សិតតំណាងសាកលវិទ្យាល័យនីមួយៗបង្កើតរបាយការណ៍ស្រាវជ្រាវ និងធ្វើបទបង្ហាញស្តីអំពីរបាយការណ៍នៃការវិភាគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PPAP”។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានក្នុងពិធីបិទការប្រកួត ដែលត្រូវបានធ្វើឡើងដោយសហគមន៍វិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា។

និស្សិតជ័យលាភីមកពីសាកលវិទ្យាល័យ AUPP នឹងទៅចូលរួមការប្រកួតថ្នាក់តំបន់ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី ជាមួយនឹងក្រុមនិស្សិតមកពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីភិក នៅបំណាច់ខែមីនា។

ការប្រកួតស្រាវជ្រាវនៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute Research Challenge) នេះជាការប្រកួតអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute)។ ការប្រកួតនេះមានការចូលរួមពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ និងតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាល ជំនាញបរិញ្ញាបត្រពីរ (Dual Degree Program) ដែលមានការទទួលស្គាល់ជាសាកល៕