កម្មកររោងចក្រ​ W&D ផ្ទុះការតវ៉ាជាថ្មី​ ខណៈទទួលឲ្យចូលធ្វើការវិញ តែខាងរោងចក្របិទទ្វារ មិនឲ្យចូល

12-02-2019 7:44am

ភ្នំពេញៈ កម្មករ កម្មការិ​នី​ជាច្រើន​នាក់ ផ្ទុះការតវ៉ាជាថ្មីទៀតហើ​យ បន្ទាប់ពីថៅកែរោងច បាន​បិទទ្វារ​​មិនឲ្យពួកគេចូលបំពេញការងារ ដូចការជូនដំណឹងរបស់រោងចក្រ ចុះថ្ងៃទី២៩ ខែ​មករា ថៅកែរោងចក្រ W&D សម្រេចទទួលយកកម្មករទាំងអស់ ដែលក្រុមហ៊ុនបានបញ្ឈប់ពេលកន្លងមក ឲ្យចូលធ្វើការងារវិញ ដោយទុករយៈពេល ២សប្តាហ៍។ លុះក្រុមកម្មករ កម្មការិ​នី ក៏បាននាំគ្នា ចូលបំពេញការងារវិញ នាព្រឹកព្រលឹមថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ស្រាប់តែ​ភាគីខាងរោងចក្រ​បិទទ្វារ មិនឲ្យកម្មករចូលបំពេញការងារឡើយ ដែល​ជំរុញ​ឲ្យ​ក្រុម​កម្មករ​ទាំងអស់នោះ​ផ្ទុះការ​តវ៉ាជាថ្មីទៀត។

កន្លងមកក្រុមហ៊ុន W&D ដែលជារោងចក្រកាត់ដេរមួយ​ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងក្រុម៤ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានបិទសេចក្ដីប្រកាស អោយកម្មករនិយោជិកទាំងអស់ ដែលក្រុមហ៊ុនបានបញ្ឍប់នោះ​ ចូលធ្វើការជាធម្មតាវិញ លើកលែកតែកម្មករមួយចំនួនតូច​ ដែលញុះញុង គំរាមកំហែង ជេរប្រមាថ និងរារាំងកម្មករដទៃ​ មិនអោយចូលធ្វើការប៉ុណ្ណោះ តែកម្មករដែលបានចូលធ្វើការមានកាតពណ៌លឿង ចំនួន (៧២៤នាក់) ក្នុងចំណោមកម្មករ ១៨០០នាក់ (ប្រុស២៣៩នាក់) បង្កអោយមានការកកស្ទះចរាចរណ៍​ទាំងព្រលឹម​ផងដែរ​។

ប៉ុន្តែក្រោយទទួលបានដំណឹងនេះ​ភ្លាម លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ បានចាត់ឲ្យលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ រួមទាំងលោក​ អ៊ុ​ ហឿង​ ចៅសង្កាត់ស្ទឹងមានជ័យទី៣​ ចុះមកជួយសម្របសម្រួល​ជាមួយតំណាងក្រុមហ៊ុន​ជាបន្ទាន់​។

ចំណែកសមត្ថកិច្ចវិញ​ឃើ​ញមានលោក​ ឯម​ ភារី​ នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣​ និងលោក​ ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ ដឹកនាំកម្លាំងរក្សាសណ្ដាប់ធ្នាប់​ និងសម្រួលចរាចរណ៍​ កុំអោយមានការកកស្ទះ​ នៅចំណុចខាងលើ​នេះផងដែរ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រុមកម្មករកម្មការិនីខាងលើ​ ក៏បាននាំគ្នា ធ្វើ​ការតវ៉ា សុំចូលបម្រើការងារទាំងអស់គ្នាវិញ ដោយពុំមានការរើសអើង ដោយភាគីខាងរោងចក្រប្រកាន់គោលជំហរថា ឲ្យកម្មករចូលធ្វើការងារវិញ។ ដល់ពេលកម្មករចូល បែរជាបិទទ្វារមិនឲ្យកម្មករចូលទៅវិញ។

ជាមួយគ្នានេះដែរ​ លោក តាំង ម៉េង ជាមេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន W&D បានច្រានចោលការលើកឡើងនេះ ហើយបញ្ជាក់ប្រាប់វិញថា​ រោងចក្រ គឺទទួលយកកម្មករទាំងអស់ ឲ្យចូលបម្រើការងារវិញ ប៉ុន្តែលើកលែងតែកម្មករជាង ១០០នាក់​ប៉ុណ្ណោះ ដែលកម្មករទាំងនោះ បានញុះញង់​ឲ្យកម្មករដទៃទៀតតវ៉ា និងបង្កការរាំងស្ទះដល់ដំណើរការរកស៊ីរបស់ក្រុមហ៊ុន​។

ទោះជាយ៉ាងណា​ កម្មករចំនួន ១០៧៦នាក់ កំពុងឈរនៅខាងមុខក្រុមហ៊ុន នៅតែទាមទារអោយក្រុមហ៊ុន ទទួលយកក្រុមកម្មករដែលញុះញង់ទាំងនោះ​ បានចូលធ្វើការដែរ ទើបកម្មករ កម្មការិនី ដែល​ប្រមូលផ្ដុំ​គ្នាទាំងអស់នោះ​ ព្រមចូលធ្វើ​ការវិញទាំងអស់គ្នា៕