លិខិតមិត្តអ្នកអាន ៖ អំពើក្បត់ជាតិ របស់ សម រង្ស៊ី ទោះជាតិនេះ ឬជាតិក្រោយ មិនអាចអត់ឱនឲ្យបាន!

11-02-2019 10:49pm

បន្ទាប់ពីបានធ្វើអំពើក្បត់ប្រយោជន៍ជាតិ និងក្បត់ប្រជាជនរបស់ខ្លួនជាបន្តបន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែលកំពុងមានទោសជាច្រើនជាប់នឹងខ្លួន បានបង្ហាញអំពើក្បត់ប្រយោជន៍ជាតិជាចំហរម្តងទៀត តាមរយៈការអះអាងថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ជាការត្រឹមត្រូវ»។

ប្រសិនបើ សម រង្ស៊ី មានឈាមជ័រជាខ្មែរ និងស្រឡាញ់ផលប្រយោជន៍ខ្មែរ គាត់ពិតជាមិនអាចហារមាត់និយាយដូច្នេះកើតជាដាច់ខាត ពីព្រោះសម្តីបែបនេះ គឺជាអំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ សូម្បីជនបរទេស ដែលកំពុងបោះទុនវិនិយោគនៅស្រុកខ្មែរ ក៏បានរួមគ្នាសរសេរលិខិតទៅសហភាពអឺរ៉ុប ដើម្បីកុំឲ្យដក EBA ពីកម្ពុជាដែរ ពីព្រោះតែពួកគេយល់ឃើញថា ការធ្វើបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងកសិករខ្មែរ។

តើ សម រង្ស៊ី ចេះខ្មាសជនបរទេសទាំងនោះដែរឬទេ ដែលខ្លួនជាខ្មែរ ហើយបែរមកគាំទ្រការដាក់ទណ្ឌកម្មលើប្រទេស និងលើប្រជាជនរបស់ខ្លួនថា ជារឿងត្រឹមត្រូវ?

ជាការពិតណាស់ កុំថាឡើយតែខ្មែរ សូម្បីជនបរទេសជាច្រើន ក៏បានសម្តែងការហួសចិត្ត ប្រកបដោយការមាក់ងាយយ៉ាងខ្លាំងចំពោះ សម រង្ស៊ី ដែលហ៊ានធ្វើអំពើក្បត់ជាតិជាចំហរបែបនេះដែរ។

ទោះយ៉ាងណា វាពិតជាមិនចម្លែកទេ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ពីព្រោះយើងបានឃើញអំពើបែបនេះ របស់ សម រង្ស៊ី ជាហូរហែរ និងជាយូរយាណាស់មកហើយ។ ក្នុងមួយជីវិតរបស់ខ្លួន សម រង្ស៊ី មិនដែលគិតអ្វីក្រៅតែពីការចង់បានអំណាច ដើម្បីសងសឹកដល់អ្នកនយោបាយជំនាន់មុន និងសងសឹកប្រជាពលរដ្ឋខ្មែរ ជួសឪពុកគាត់ដែលជាប់ចោទពីបទក្បត់ជាតិនោះឡើយ។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើសកម្មភាពច្រើនណាស់ ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ អំពើទាំងនោះ មានដូចជា ៖

ទី១. ការធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់ ៖ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលសុខចិត្តទទួលរងការលំបាកជំនួសប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែអ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះ តែងយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ឈោងចាប់អំណាច។

ជាក់ស្តែង ការញុះញង់ឲ្យពលរដ្ឋធ្វើបាតុកម្មហិង្សា រហូតដល់មានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬមានអ្នកស្លាប់ និងអ្នករបួស ដើម្បីគាត់អាចធ្វើអាជីវកម្មលើព្រឹត្តិការណ៍ដ៏សោកសៅនោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ជាប់ឈ្មោះថា ជា «ដង្ខៅបាតុកម្ម» និងជាមនុស្សចង្រៃ ដៃភ្លើងជើងមាន់។

ទី២. ការធ្វើនយោបាយជាន់ពន្លិចជាតិសាសន៍ខ្លួនឯង ៖ តាំងពីចេះធ្វើនយោបាយមក សម រង្ស៊ី មិនត្រឹមតែចាត់ទុកមេដឹកនាំរាជរដ្ឋាភិបាលជាសត្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ចាត់ទុកប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាសត្រូវរបស់ខ្លួនផងដែរ។

ជាក់ស្តែង ស្ទីលធ្វើនយោបាយរបស់គាត់ គ្មានអ្វីប្រែប្រួលឡើយ តាំងពីដើមរហូតដល់ឥឡូវ នោះគឺការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិ និងប្រជាជនខ្លួនឯង នៅលើឆាកអន្តរជាតិ ព្រោះការធ្វើបែបនេះ ដោយគាត់រំពឹងថា បើប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនលំបាកវេទនា គាត់នឹងមានលេសចោទលើគណបក្សកាន់អំណាចថា គ្មានសមត្ថភាពដឹកនាំប្រទេស។

ក្នុងន័យនេះ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង សម រង្ស៊ី កាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំង ពីព្រោះសុភមង្គលរបស់គាត់ គឺពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា ដែលជនជាតិបារាំង តែងតែនិយាយថា « Le Malheur de l’un fait le Bonheur de l’autre »។

ទី៣. ការធ្វើនយោបាយ ដោយកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ ៖ សម រង្ស៊ី ស្ថិតក្នុងចំណោមមនុស្សតិចតួបបំផុតនៅលើលោកនេះ ដែលចេញមុខជាចំហរក្នុងការធ្វើនយោបាយបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិ និងយកប្រជាជន ធ្វើជាចំណាប់ខ្មាំង ដើម្បីអំណាចខ្លួន និងគំនុំឈាមសងសឹកគ្រួសារ ដែលក្បត់ជាតិ ខណៈដែលអ្នកនយោបាយជាទូទៅគេធ្វើដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន។

ជាក់ស្តែង សម រង្ស៊ី តើមានប៉ុន្មានរយដងហើយ ដែល សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន? អ្នកនយោបាយរូបនេះ មិនដែលចេះធ្វើនយោបាយជួយរកចំណូលជូនជាតិ និងជូនកម្មករកសិករឡើយ។ ផ្ទុយទៅវិញ បេសកកម្មរបស់ សម រង្ស៊ី គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិថប់ ឲ្យរេចរឹល និងឲ្យដុនដាប។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯង មានដង្ហើមសេដ្ឋកិច្ចនៅត្រង់ណា សម រង្ស៊ី នឹងទៅបិទខ្ទប់នៅត្រង់នោះ។ ការអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជា បានក្លាយជាអត្តសញ្ញាណរបស់ សម រង្ស៊ី ទៅហើយ។

ទី៤. ការធ្វើនយោបាយ ដោយកាត់ទឹកដីឲ្យបរទេស ៖ គេនៅចងចាំមិនភ្លេចទេ នូវជំនួបស្ងាត់ៗ រវាង សម រង្ស៊ី និងមេដឹកនាំយួនសេរីឈ្មោះ កុកស។ សម រង្ស៊ី បានសន្យាថា បើសិនជាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ខ្លួននឹងកាត់ដីមួយភាគ ដែលមាន៤ខេត្ត នៅភាគឦសានឲ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

តើមានអ្នកនយោបាយណាថ្លើមធំជាង សម រង្ស៊ី ដែលហ៊ានធ្វើរហូតសន្យាកាត់ទឹកដីប្រទេសខ្លួន ឲ្យទៅបរទេស ព្រោះតែចង់បានអំណាចបែបនេះ? មានម្តងនោះ សម រង្ស៊ី បានទៅចាប់ដៃជាមួយជនជ្រុលនិយមថៃ ខណៈដែលក្រុមនេះ កំពុងបង្កសង្គ្រាមឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរ។

ទី៥. ការធ្វើនយោបាយ ដោយសុខចិត្តឱនក្បាលធ្វើជារណបបរទេស ៖ តាំងពីចូលធ្វើនយោបាយមក សម រង្ស៊ី មិនដែលពឹងលើខ្លួនឯងម្តងណាឡើយ ប៉ុន្តែអ្នកនយោបាយក្បត់ជាតិរូបនេះ តែងយកមហាអំណាចបរទេស មកធ្វើជាខ្នងបង្អែករហូត ដោយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយបរទេស ទោះត្រូវបំផ្លាញប្រយោជន៍ជាតិខ្លួនឯងយ៉ាងណាក៏ដោយ។

ការដឹកនាំធ្វើចលនាបដិវត្តន៍ពណ៌ តែមិនបានសម្រេច តាមខ្សែញាក់របស់បរទេស កាលពីឆ្នាំ២០១៣ គឺជាឧទាហរណ៍ជាក់ស្តែង មិនអាចប្រកែកបានឡើយ។

ទី៦. ករណី EBA ចុងក្រោយនេះ គឺជាភស្តុតាងថ្មីមួយទៀត ដែលបង្ហាញថា សម រង្ស៊ី មិនញញើត មិនខ្មាសអៀន ក្នុងការប្រកាសជាចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់កម្មករ និងកសិករខ្មែរ បើទោះបីជាខ្មែរ ពេញនគរ រួមទាំងជនបរទេសជាច្រើនផង កំពុងទាមទារកុំឲ្យសហភាពអឺរ៉ុប ដក EBA ពីកម្ពុជា ក៏ដោយ។ ភាពគឃ្លើនរបស់ សម រង្ស៊ី គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ដែលមិនអាចអត់ឱនបានឡើយ។

សរុបមកវិញ រាល់អំពើរបស់ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗខាងលើ វាលើសពីគ្រប់គ្រាន់ទៅទៀត ក្នុងការបញ្ជាក់ថា សម រង្ស៊ី នេះពិតជាជនក្បត់ជាតិ និងក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ យ៉ាងពិតប្រាកដ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ដែលមានឈាមជ័រជាខ្មែរ ខ្ញុំពិតជាមិនអាចអត់ឱនឲ្យជនឈ្មោះ សម រង្ស៊ី បានឡើយ។

ប្រវត្តិសាស្ត្រ ត្រូវចារឈ្មោះជននេះទុកក្នុងក្រាំងមាសថា ជា «ជនក្បត់ជាតិ» តត្រកូល ដែលទោះជាតិនេះ ឬជាតិក្រោយ ក៏មិនអាចលើកលែងឲ្យបានដែរ។ ជនក្បត់ជាតិ មិនត្រឹមតែទទួលបានការថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ញាត់ក្នុងពន្ធនាគារអស់មួយជីវិត ពីព្រោះសារជាតិក្បត់ជាតិតពូជ និងសណ្តាននេះ នឹងនៅតែបន្តបំផ្លាញជាតិ និងប្រជាពលរដ្ឋខ្មែរ គ្មានឈប់ឈរឡើយ ប្រសិនបើគ្មានវិធានការក្តៅ និងកណ្តាប់ដៃដែកថែបទេនោះ៕

ដោយៈ អ្នកតាមដាននយោបាយតុកាហ្វេ