កិច្ចប្រជុំដំបូង សម្រាប់ឆ្នាំ២០១៩នេះ គណៈអភិបាលខេត្តកំពង់ចាម លើកយករបៀបវារៈចាំបាច់ ចំនួន៤

11-02-2019 9:09pm

កំពង់ចាម​:​ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម នារសៀល​ថ្ងៃ​ទី​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​បាន​ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព​ ជុំវិញខេត្ត លោក-លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក បានលើកឡើងថា ការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលត្រូវផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់ នានា ក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះ រួមមាន៖

១.ការបង្ហាញពីការ អនុវត្តន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល

២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ ២០១៨​ ។

៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ ២០១៨ ។

៤.ការចូលរួមមតិយោបល់របស់លោក-លោកស្រីអភិបាល-អភិបាលរងស្រុក-ក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុក-ក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៨។

លោក បានបន្ថែមទៀតថា យើងមានទួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ​ ដែលនេះ គឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មជូនពួកគាត់។

លោក​បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវខិតខំប្រមូលព័ត៌មានតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងជាមតិ យោបល់ល្អៗ ដើម្បីជាគន្លឹះសម្រាប់យកទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត​ ៕