បុរសខ្មែរ-ឥស្លាម៨នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ

11-02-2019 7:17pm

បន្ទាយមានជ័យៈ យប់ថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានសហការជាមួយសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដឹកនាំដោយលោក ស្លៃម៉ាន ម៉ូសា ប្រធានសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ ទទួលយកជនជាតិខ្មែរ-ឥស្លាម ៨នាក់ ពីសមត្ថកិច្ចនគបាលអន្តោប្រវេសន៍ច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ។

បុរសខ្មែរ-ឥស្លាម៨នាក់នេះ ត្រូវបានទាហានឈុតខ្មៅ និងអាជ្ញាធរថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តប៉ាតានី ភូមិភាគខាងត្បូងប្រទេសថៃ ។

ពួកគេទាំំង៨នាក់នេះមាន៖ ១-ឈ្មោះ ស្លេះ ម៉ូសតេត មានទីលំនៅខេត្តត្បូងឃ្មុំ, ២-ឈ្មោះ មាល វ៉ានការ៉ី មានទីលំនៅខេត្តត្បូងឃ្មុំ, ៣-ឈ្មោះ មេល ណាអៀន មានទីលំនៅខេត្តត្បូងឃ្មុំ, ៤-ឈ្មោះ អារី គ្រីយ៉ា មានទីលំនៅខេត្តត្បូងឃ្មុំ, ៥-ឈ្មោះ សាមី ណូរី មានទីលំនៅខេត្តត្បូងឃ្មុំ, ៦-ឈ្មោះ សុន ហ្វាស៊ី មានទីលំនៅខេត្តត្បូងឃ្មុំ, ៧-ឈ្មោះ ម៉ាន ហ៊ីមប្លី មានទីលំនៅខេត្តស្ទឹងត្រែង និង ៨-ឈ្មោះ មាល វ៉ាន់ការី មានទីលំនៅខេត្តត្បូងឃ្មុំ។

ក្រោយពីបានណែនាំ និងពន្យល់ពួកគាត់ឲ្យបានយល់អំពីមូលហេតុ ដែលនាំឲ្យសមត្ថកិច្ចថៃឃាត់ខ្លួនរួចមក កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជូនទៅសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការបន្ត៕