របាយការណ៍ ៖ ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមខេត្តកំពត ទទួលបានទឹកប្រាក់៦៧.៣៧៥.០០០រៀល

11-02-2019 7:00pm

កំពតៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ។

កិច្ចប្រជុំនេះ មានរយៈពេលមួយព្រឹក ដោយមានសមាសភាពចូលរួមពីប្រធានគណៈកម្មាធិការសាខា សមាជិកសមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិ សាខាសរុប៤២នាក់ ។

កិច្ចប្រជុំនេះផ្ដោតលើរបៀបវារៈ ការពិភាក្សា និងអនុម័ត លើរបាយការណ៍ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩, ពិភាក្សារៀបចំសន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥ និង ពិភាក្សារួមលើការរៀបចំ ទិវា ៨ ឧសភា ឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពត បានឲ្យដឹងអំពីរបាយការណ៍លទ្ធផលការងារក្នុងវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលសាខាកាកបាទក្រហមខេត្តកំពតបានអនុវត្ត នៅក្នុងឆ្នាំ២០១៨ កន្លងមក ក្នុងនោះរួមមានការងារ លើការគ្រប់គ្រង គ្រោះមហន្តរាយ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ការងារអភិវឌ្ឍស្ថាប័ន និងធនធានដោយក្នុងនោះសម្រេចបានលទ្ធផលគួរអោយកោតប្រសើរ ។

ទន្ទឹមនឹងនោះ ក៏បានដាក់ចេញនូវទិសដៅបង្កើនការអនុវត្តសកម្មភាពបន្តទៀតក្នុងឆ្នាំ២០១៩ ដោយផ្សារភ្ជាប់នូវវិស័យស្នូលទាំង៤ខាងលើឲ្យបានកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពល្អប្រសើរថែមទៀតផងដែរ ។

គួរជំរាបថា៖ តាមរបាយការណ៍លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតបានទទួល សមាជិកភាពពីសប្បុរសជន តាមមន្ទីរ អង្គភាពចាប់ពីថ្នាក់កិត្តិយសរហូតដល់សមាជិកភាពពីថ្នាក់លេខ១ដល់ថ្នាក់លេខ៧ សរុប ចំនួន ១០.២២២នាក់ និងទទួលបានទឹកប្រាក់សរុបចំនួន ៦៧.៣៧៥.០០០រៀល ៕