ការបិទរដ្ឋាភិបាលអាមេរិក អាចកើតឡើងជាលើកទី២ ខណៈកិច្ចព្រមព្រៀងសន្តិសុខព្រំដែន កំពុងជាប់គាំង

11-02-2019 6:28pm

អាមេរិកៈ ការជជែកពិភាក្សារបស់សភាសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងសន្តិសុខព្រំដែនបានជាប់គាំងសាជាថ្មី ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីការបិទរដ្ឋាភិបាលអាមេរិក ជាលើកទី២ ។

ក្រុមចរចា សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយនៅថ្ងៃចន្ទនេះ ដើម្បីផ្តល់ពេលដល់សភា ក្នុងការអនុម័តច្បាប់ នៅថ្ងៃសុក្រខាងមុខនេះ ពេលដែលកិច្ចព្រមព្រៀងផ្តល់មូលនិធិសហព័ន្ធផុតកំណត់ ។

ពួកគេនៅតែមានការបែងចែកថា តើជនអន្តោប្រវេសន៍ខុសច្បាប់ នឹងត្រូវឃាត់ខ្លួនឬយ៉ាងណា ឬមួយក៏ត្រូវផ្តល់មូលនិធិដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកសាងកំផែនព្រំដែនអាមេរិក-ម៉ិកស៊ិក ។

គួរឲ្យដឹងថា ការបិទរដ្ឋាភិបាលលើកមុន ដែលមានរយៈពេល៣៥ថ្ងៃ គឺជារយៈពេលយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ។

ក្រុមកម្មករសហព័ន្ធរាប់ម៉ឺននាក់ បានឈប់សម្រាកពីការងារ ខណៈដែលកម្មករផ្សេងទៀត នៅក្នុងសេវាកម្មសំខាន់ៗ ដូចជានៅឯមន្ទីរពេទ្យ ព្រលានយន្តហោះ និងស្ថាប័នពង្រឹកច្បាប់ ធ្វើការដោយគ្មានប្រាក់ខែ៕