បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ធំ វាយខ្នោះជនសង្ស័យបានច្រើ​ននាក់​ នៅ​​បន្ទប់​ផ្ទះ​ជួល​មួយ​ ក្នុង​ភូមិសន្សំ​កុសល

11-02-2019 4:35pm

​ភ្នំពេញៈ ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​ការ​ចុះ​បង្ក្រាប​ក្រុម​ចោរប្លន់​ ប្រដាប់​អាវុធ​មួយ​ក្រុម​ធំ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសន្សំ​កុសល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ នេះតាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ​​ដឹកនាំ​ដោយ​លោក ប៊ុ​ន សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់ និង​ដកហូត​អាវុធ​ខ្លី​មួយ​ដើម​ផង​ដែរ ។

ប្រភព​បានឲ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ គឺជា​ក្រុម​ចោរ​ចេញ​ប្លន់​យ៉ាង​សកម្ម ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​មួយ​រយៈ​ក្រោយ​មកនេះ។

យ៉ាងណាមិញ​ជុំវិញ​ព័ត៌មាន​លម្អិត​នៃ​ដំណើរ​បង្ក្រាប​ក្រុម​ចោរប្លន់​ខាងលើ​នេះ គឺ​ពុំ​មាន​ប្រភព​ណា​បង្ហើប​អោយ​ដឹង​ពី​ដំណើររឿងនៃ​ការ​បង្ក្រាប​ឡើយ ​ពោល គឺ​កម្លាំង​នគរបាល​ជំនាញ​កំពុង​បន្ត​នីតិវិធី​តាម​ជំនាញ​របស់​ខ្លួន៕