អូស្ត្រាលី ចុះកុងត្រាទិញនាវាមុជទឹកថ្មី១២គ្រឿង តម្លៃ៥០ពាន់លានដុល្លារអូស្ត្រាលី ពីបារាំង

11-02-2019 3:47pm

អូស្ត្រាលីៈ នៅថ្ងៃចន្ទនេះ ប្រទេសអូស្រ្តាលី បានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតនាវាបារាំង Naval Group សម្រាប់នាវាមុជទឹកថ្មី១២គ្រឿង តម្លៃ៥០ពាន់លានដុល្លារអូស្ត្រាលី(ស្មើនឹង៣៥.៥ពាន់លានដុល្លារ) ដើម្បីបញ្ចប់ជម្លោះរយៈពេល២ឆ្នាំដែលបានធ្វើឲ្យស្រពិចស្រពិលដល់កិច្ចព្រមព្រៀងការពារជាតិថ្លៃបំផុតរបស់ពិភពលោកមួយនេះ។

អូស្រ្តាលី បានជ្រើសរើសក្រុមហ៊ុនផលិតនាវាបារាំងមួយនេះ ជាដៃគូចង់បានជាងគេរបស់ខ្លួន សម្រាប់នាវាមុជទឹកកាលពីឆ្នាំ២០១៦ មុនពេលមានការផ្តល់ជូនផ្សេងទៀតពីជប៉ុន និងអាល្លឺម៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ កុងត្រាផ្តាច់ព្រ័ត្រ ត្រូវបានពន្យាពេល ស្របពេលមានរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកពីការផ្ទុះតម្លៃ និងការពន្យាពេលការផលិត។  អូស្រ្តាលី និងក្រុមហ៊ុន Naval Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត គឺជាកុងត្រាមួយដើម្បីដឹកនាំការផលិតនាវាមុជទឹក ដើម្បីបញ្ចប់ភាពទាល់ច្រកនេះ។

នាវាមុជទឹកថ្មី១២នេះ ស្ថិតនៅក្នុងផែនការរបស់ពួកគេដើម្បីពង្រីកយោធារបស់ពួកគេ ក្នុងការការពារផលប្រយោជន៍ពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នាវាមុជទឹកថ្មីដំបូងគេ នឹងមកដល់នៅដើមឆ្នាំ២០៣០ ហើយនិងនាវាចុងក្រោយ នឹងមកដល់អំឡុងឆ្នាំ២០៥០៕