សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ម្លៃជិត១ពាន់លានដុល្លារ

11-02-2019 3:02pm

សេអ៊ូលៈ កាលពីថ្ងៃអាទិត្យម្សិលមិញ ទីក្រុងវ៉ាស៊ីងតោន និងទីក្រុងសេអ៊ូល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដើម្បីចែករំលែកការចំណាយលើវត្តមានយោធាសហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង ក៏ដូចជាដោះស្រាយជម្លោះរវាងប្រទេសសម្ព័ន្ធមិត្ត មុនពេលជំនួបកំពូលលើកទី២របស់លោកប្រធានាធិបតីដូណាល់ ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ប៉ុន្តែ កិច្ចព្រមព្រៀងរយៈពេល១ឆ្នាំនេះ នឹងលើកឡើងបណ្តោះអាសន្នតែបញ្ហាដែលចម្រូងចម្រាស់ក្រោមរដ្ឋបាលរបស់លោកត្រាំ ដែលបាននិយាយយ៉ាងទទួចថា កូរ៉េខាងត្បូង និងប្រទេសសម្ព័ន្ធមិត្តដ៏ទៃទៀត ត្រូវទទួលបន្ទុកលើការចំណាយបន្ថែមទៀតនៃការរក្សាមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេ។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ទីក្រុងសេអ៊ូល នឹងត្រូវចំណាយលុយ១.០៤ទ្រីលានវ៉ុន ឬស្មើនឹង៩២៥លានដុល្លារ ក្នុងឆ្នាំនេះ ដើម្បីជួយរ៉ាប់រងការចំណាយលើទាហានឈរជើង២៨.៥០០នាក់របស់សហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង។ ថវិកានេះដែរ កើនឡើង៨.២ភាគរយពីឆ្នាំមុន ពេលដែលកូរ៉េខាងត្បូង បានចំណាយលុយ៩៦០ពាន់លានវ៉ុន ពោលគឺស្មើនឹងជិតពាក់កណ្តាលនៃការចំណាយសរុប។

កិច្ចព្រមព្រៀងនេះ ដែលជាប្រធានបទនៃការឯកភាពរបស់សភានោះ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ ដោយប្រធានចរចាកូរ៉េខាងត្បូង គឺលោក ឆាង វ៉ុន សាម និងសមភាគីអាមេរិក របស់លោក គឺលោក ទីម៉ូធី បេតស៍។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងនៃកិច្ចចរចានេះ សហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារកូរ៉េខាងត្បូង និងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកគេមិនបានពិចារណាលើការផ្លាស់ប្តូរណាមួយនោះឡើយពាក់ព័ន្ធនឹងវត្តមានយោធាសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ផងដែរថា  ទីក្រុងវ៉ាស៊ីងតោន បានដកចេញនូវការទាមទារកាលពីដំបូងរបស់ខ្លួនថា កូរ៉េខាងត្បូងត្រូវតែផ្តល់ជូននូវការគាំទ្រប្រតិបត្តិការ ក្នុងការជួយចំណាយលើទាហានអាមេរិក នាវាដឹកយន្តហោះ និងយន្តហោះចម្បាំង ដែលត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង៕