មហាផ្ទៃ​ ក្រសោប​បានមេដាយមាសច្រើនជាងគេ​ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង

11-02-2019 2:21pm

ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីសូហ្វតិន្នីសរបស់សមាគមកីឡាក្រសួងមហាផ្ទៃបានប្រមូលយកមេដាយមាសទាំងអស់ពីការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ ២០១៩។

សមាគមន៍កីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេក្នុង រប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ ២០១៩ ខណៈក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ៤ ក្លិបក្រសួងការពារជាតិបានឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ២ ក្លិបខេត្តកំពង់ស្ពឺឈ្នះបានមេដាយសំរឹទ្ធ ២ និងក្លិបជប៉ុនបានឈ្នះមេដាយសំរឹទ្ធ ១ ប៉ុន្តែក្លិបខេត្តកំពង់ឆ្នាំង និងក្លិបអង្គការមិត្តសម្លាញ់មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ។

ក្នុងចំណោមមេដាយមាសទាំង ៧ នោះកីឡាករឆ្នើម កាន់ សោភ័ណ្ឌ បានឈ្នះមេដាយមាស ២ តែម្នាក់ឯងនៅក្នុងការប្រកួតក្របខ័ណ្ឌក ១ ខណៈរូបគេបានយកឈ្នះលើមិត្តរួមក្រុម អន សម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាសទី ២ បន្ថែមទៅលើការឈ្នះមេដាយមាសលើវិញ្ញាសាវាយគូជាមួយ ឯក ចំរើន នោះ។

លោក ជា ប៊ុនហេង អនុប្រធានទី ១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានថ្លែងថា៖ «ការប្រកួតនេះវាបានផ្តល់នូវបទពិសោធថ្មីៗបន្ថែមទៀតទៅដល់អត្តពលិករបស់យើងក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែល្អ ហើយគិតមកដល់ពេលនេះសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធបានឧបត្ថម្ភយ៉ាងច្រើនក្នុងការជួយជំរុញឲ្យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំង និងដណ្តើមបានមេដាយជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៦ ឆ្នាំ ២០១៩ គឺមានអត្តពលិកចំនួន ៩០ នាក់ (ស្រី ២៥ នាក់) មកពីក្លិបសមាគមចំនួន ៦ បានចូលរួម ហើយជាលទ្ធផល ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសទាំង ៧ វិញ្ញាសាទាំងលើការប្រកួតក្របខ័ណ្ឌក ២ និងក ១ រួមជាមួយមេដាយប្រាក់ ៤ និងសំរឹទ្ធចំនួន ៥ ទៀត៕