តារាសម្តែង នៅ ណាវីន ជំងឺក្រលៀនបានស្បើយ តែពេទ្យឲ្យ​ប្រើថ្នាំពេញមួយជីវិត

11-02-2019 10:01am

ភ្នំពេញៈ តារាសម្តែង នៅ ណាវីន បានសម្រាកព្យាបាលជំងឺខូចក្រលៀនទាំងសងខាងនាប្រទេសឥណ្ឌាមួយរយៈកាល ដោយចំណាយទុនជិត៥ម៉ឺ​នដុល្លារ។ តួលេខចំណាយ គឺបានមកដោយសារសប្បុរសជនជួយផង និងសមាគមសិល្បៈ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលនាងលក់យកលុយព្យាបាល។

ណាវីន តារាសម្តែងបានធ្លាក់ខ្លួនឈឺជំងឺ​ខូចក្រលៀនជា​ច្រើនខែ ធ្វើឲ្យ​នាងតប់ប្រម៉ល់រហូតមានពេលខ្លះគិតតែចង់ស្លាប់ ព្រោះពិបាកទ្រាំ និងពិបាកចិត្តពេក។ ក្រោយមានការលើកទឹកចិត្តនាងបានតស៊ូចេញទៅសម្រាកព្យាបាលនាប្រទេសឥណ្ឌា។

នា​វេលារសៀលថ្ងៃទី១០ ខែកុម្ភៈ​ តារាចម្រៀង និងជាតារាសម្ដែង អ្នកនាង នៅ ណាវីន បានត្រឡ​ប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីអ្នកនាងវះកាត់ក្រលៀនបានជោគជ័យនៅក្នុងប្រទេសឥណ្ឌា។ អ្នកនាងបង្ហាញអារម្មណ៍ក្ដុកក្តួលយ៉ាងខ្លាំង ដែលអ្នកនាងអាចមានជីវិតថ្មីត្រឡប់មកវិញ ស្របគ្នាដែលតារាចម្រៀង កញ្ញា ខេមរ: ស្រីពៅ មានបញ្ហាក្រលៀនដូចគ្នានេះដែរ ប៉ុន្តែបែរជាឆ្លងមិនផុត ហើយត្រូវទទួលមរណភាព។

អ្នកនាង បានប្រាប់ថា ហេតុផលដែលនាងមានជំងឺខូចក្រលៀនដោយមិនដឹងខ្លួន គឺអាចបណ្ដាលមកពីមួយរយៈមុនអ្នកនាងញាំថ្នាំឲ្យសឲ្យក្មេងជាងវ័យ និងថ្នាំសម្រកទម្ងន់ ទើបអ្នកនាងផ្ញើសារឲ្យបងប្អូនជាពិសេសអ្នកសិល្បៈចង់ស្អាត បើជៀសបានគួរតែជៀស ដោយសារតែថ្នាំទាំងនោះមានសារធាតុបំផ្លាញក្រលៀន។

អ្នកនាងបញ្ជាក់ថា គ្រូពេទ្យតម្រូវឲ្យអ្នកនាងសម្រាកមិនធ្វើការធ្ងន់៦ខែ ដោយអ្នកនាងបានសម្រាកនៅឥណ្ឌា១ខែមកហើយ គឺរង់ចាំតែ៥ខែទៀតអ្នកនាងនឹងទទួលច្រៀង សម្ដែង និងពិធីការិនីដូចដើមវិញ។ លើសពីនេះនាងត្រូវលេបថ្នាំពេញ១ជីវិត ហើយនាង​សុខចិត្តធ្វើតាមឲ្យ​តែសុខភាពល្អ៕