ក្រសួងសាធារណការ រៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំរបស់ក្រសួង

11-02-2019 9:50am

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំរបស់ក្រសួង ក្នុងកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI)។

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ “Adaptive Leadership: Leading Change for Organizational Renewal”  នឹងត្រូវបានរៀបចំដោយមានការបណ្តុះបណ្តាលពីវាគ្មិនដែលបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard ចាប់ពីថ្ងៃទី១១ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

វគ្គបណ្តុះបណ្តាលទី១ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន ៥០នាក់ ។ រីឯវគ្គបណ្តុះបណ្តាលទី២ នឹងត្រូវធ្វើឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន ៥០នាក់បន្ថែមទៀត ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីបង្កើននូវចំណេះដឹងផ្ទាល់ខ្លួននិងសម្រាប់អង្គភាពរបស់ខ្លួនលើជំនាញភាពជាអ្នកដឹកនាំ ក្នុងគោលដៅបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ  លើការបង្កើនប្រសិទ្ធភាពការងារ នៅក្នុងអង្គភាពនិងសហគមន៍របស់ខ្លួន។

លោក ស៊ុន ចាន់ថុល បានថ្លែងសារទៅកាន់អ្នកចូលរួមថា វគ្គបណ្តុះបណ្តាលនេះ គឺជា ឱកាសដ៏កម្រក្នុងការពង្រីកនូវចំណេះជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់មន្ត្រីរាជការជាអ្នកដឹកនាំរបស់យើង ក្នុងការសិក្សាស្វែងយល់ពីជំនាញសំខាន់ៗចាំបាច់ដែលចូលរួមចំណែកជាវិជ្ជមានដើម្បីដឹកនាំក្រសួងនិងប្រទេសជាតិយើងឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់បន្ថែមទៀត

លោក ស៊ុន ចាន់ថុល ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard បានទទួលស្គាល់ផងដែរថា កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) នេះ នឹងផ្តល់ឱកាសសម្រាប់មន្រ្តីរាជការគ្រប់រូប ក្នុងការបើកចិត្ត និងរៀនអភិវឌ្ឍន៍ខ្លួនឱ្យទៅជាអ្នកដឹកនាំដូចដែល ឯកឧត្តម ធ្លាប់ទទួលបានបទពិសោធន៍សម្រាប់ចំណេះជំនាញផ្ទាល់ខ្លួន និង ជំនាញវិជ្ជាជីវៈផងដែរ។

ស្របតាមក្របខ័ណ្ឌ និងវិធីសាស្រ្តបង្រៀននៅមហាវិទ្យាល័យ Harvard Kennedy School of Government និងមហាវិទ្យាល័យ Harvard Business School វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃទាំង២វគ្គនេះ នឹងមានកិច្ចពិភាក្សាទៅលើករណីសិក្សាសំខាន់ៗសម្រិតសម្រាំងពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់កណ្តាល ដែលបម្រើការងារក្នុងវិស័យសាធារណៈផងដែរ។

ជាទីបញ្ចប់ រដ្ឋមន្រ្តីក្រសួងសាធារណ  បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យមានការតាំងចិត្តខ្ពស់ក្នុងការទាញយកនូវអត្ថប្រយោជន៍ពេញលេញពីវគ្គបណ្តុះបណ្តាលនេះ។ រដ្ឋមន្រ្តី បានថ្លែងថា លើសពីជំនាញដែលបានបណ្តុះបណ្តាល មន្ត្រីរាជការជាអ្នកដឹកនាំរបស់យើងនឹងអាចទទួលបាននូវសមត្ថភាពដែលអាចឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្លួន គោលដៅក្នុងជីវិត ព្រមទាំងកត្តាដែលជំរុញលើកទឹកចិត្តក្នុងតួនាទីជាអ្នកដឹកនាំផងដែរ៕