រដ្ឋាភិបាលថៃ ៖ កងទ័ពត្រៀមធ្វើសមយុទ្ធ មិនមែនត្រៀមធ្វើរដ្ឋប្រហារឡើយ

11-02-2019 9:35am

បាងកកៈ ពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយពេញបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ ស្តីពីការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ ក្នុងពេលពលរដ្ឋបានឃើញសព្វាវុធទំនើបៗជាច្រើន ក្នុងនោះ មានរថក្រោះចូលមកទីក្រុង។ សកម្មភាពខាងលើ កើតឡើងក្រោយពេល ដែលប្រទេសថៃ បានត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត។

ក្នុងពេលនេះដែរ កម្លាំងទាហានថៃ បានច្រានចោលព័ត៌មាន ដែលបានចែកចាយពេញបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នូវឃ្លីបវីដីអូ ដែលគេចាត់ទុកថា ជាការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ។

ឃ្លីបវីដីអូ ស្តីពីរថក្រោះ រថពាសដែក ឆ្ពោះមកកាន់ទីក្រុងបាងកក ត្រូវបានពលរដ្ឋបង្ហោះ លើបណ្តាញសង្គម បង្កឲ្យមានពាក្យចចាមអារ៉ាមថា ជាការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ។ សកម្មភាពខាងលើរបស់កម្លាំងទាហានថៃ មិនខុសអ្វីពីការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ នាពេលកន្លងមក ទើបធ្វើឲ្យពលរដ្ឋមានការខ្វល់ខ្វាយ។

ចំពោះព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ Piyapong Klinpan មេបញ្ជាការកងវរសេនាតូច ទ័ពអាកាសថៃ បាននិយាយថា រថក្រោះ រថពាសដែក ដែលបានចល័តនៅតាមដងផ្លូវ គឺជាការត្រៀមលក្ខណៈធ្វើសមយុទ្ធនាពេលខាងមុខ ដែលជាសមយុទ្ធ “ពស់វែក” ប្រចាំឆ្នាំ ដោយឆ្នាំនេះ ធ្វើនៅ៣ខេត្ត ដែលមានកម្លាំងកងវរសេនាតូចឈរជើង។

រថក្រោះ រថពាសដែក ធ្វើដំណើរនៅតាមដងផ្លូវ បានប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ពលរដ្ឋ ដូច្នេះដើម្បីបញ្ចៀសការយល់ច្រឡំ រថក្រោះ និងរថពាសដែក បានបិទស្លាកអក្សរថា ប្រើប្រាស់សម្រាប់សកម្មភាពធ្វើសមយុទ្ធ។

ជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលថៃ បានចាត់វិធានការដល់បុគ្គលណា ដែលបានបង្ហោះរូបភាពលើបណ្តាញសង្គម ស្តីពីរថក្រោះ រថពាស់ដែកខាងលើ ដោយសរសេរខុសពីការពិតនោះ រដ្ឋាភិបាលនឹងដាក់ទោសទៅតាមច្បាប់។

គួរជម្រាបថា ការធ្វើរដ្ឋប្រហារចុងក្រោយបំផុត នៅក្នុងប្រទេសថៃ គឺនៅខែឧសភា ឆ្នាំ២០១៤ ដឹកនាំដោយមេទ័ពជើងគោក លោក ប្រាយុទ្ធ ចាន់អូចារ្យ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសថៃ តាំងពីពេលនោះមក។ បច្ចុប្បន្នថៃ បានត្រៀមលក្ខណៈបោះឆ្នោតប្រជាធិបតេយ្យលើកដំបូង ក្រោយរយៈពេល៥ឆ្នាំ គ្រប់គ្រងដោយយោធា៕