ស្របពេលប្រទេសជាតិ មានសុខសន្តិភាព ការចូលរួមចំណែកលើកស្ទួយវិស័យកីឡា កាន់តែមានការរីកចម្រើន
កំពង់ចាម: លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមលើកទឹកចិត្ត និងទស្សនា ការប្រកួតពានរង្វាន់បាល់ទាត់យុវជន ក្រោមអាយុ១៥ឆ្នាំ ១៧ឆ្នាំ ប្រកួតលើកទី៦ រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តកំពង់ចាម ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រកួតនេះ គឺគណៈកម្មការបានរៀបចំឡើង មានចំនួន២០ការប្រកួត ដោយមានក្រុមកីឡា សរុបចំនួន៦ក្រុម ក្នុងនោះក្រុមកីឡាករមាន៤ក្រុម និងកីឡាការីនីមានចំនួន២ក្រុម ដែលមានចំនួន៣៩៤នាក់ និងគ្រូបង្វឹក១២នាក់ ក្នុងគោលបំណងចូលរួមដណ្ដើមពានរង្វាន់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរាជធានីភ្នំពេញ និងជ្រើសរើសយកកីឡាករដែលមានទេពកោសល្យ ធ្វើការបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានឩបត្ថម្ភជូន ដល់ក្រុមកីឡាករ កីឡាការីនីទាំង៦ក្រុម ដោយក្នុង១ក្រុម ទទួលបានថវិកា១លានរៀល និងគណៈកម្មការរៀបចំការប្រកួតទទួលបានថវិកា ១លានរៀលផងដែរ ។
គួររំលឹកផងដែរថា កន្លងមកលោក អភិបាលខេត្ត តែងតែជំរុញឲ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត គាំទ្រឧបត្តម្ភផ្នែកកីឡានីមួយៗ ឲ្យកាន់តែមានការរីកចម្រើនឡើង និងជាពិសេសដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាសីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាការចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ៕