អ៊ិ​ន ច័ន្ទរតនា ចូលច្រៀងវិញ ថៅកែផលិតកម្មលើកទឹកចិត្ត ចេញបទថ្មីកំពុងលេចធ្លោ

10-02-2019 10:43am

ភ្នំពេញៈ តារាចម្រៀង ដែលផុសចេញពីកម្មវិធីផ្កាយរះក្នុងសួននាឆ្នាំ២០១៤ លោក អ៊ិ​ន ច័ន្ទរតនា បានជួបនៅផលលំបាកផ្លូវចិត្តមួយរយៈកាលធំ ដោយលោកព្យាយាមមើលថែរម្តាយឈឺ ប៉ុន្តែមិនអាចរក្សាអាយុជីវិតបាន គាត់​ក៏​លាចាកលោក។ បញ្ហានេះធ្វើឲ្យ​ រតនា ខូចចិត្តរហូតបានផ្អាកការងារសិល្បៈមួយ​រយៈពេលខ្លី។

យ៉ាងណាក៏​ដោយ អ៊ិ​ន ច័ន្ទរតនា ត្រូវបានមិត្តជិតដិត ក៏​ដូចជាតារាសិល្បៈមួយចំនួនជួយលើកទឹកចិត្តឲ្យ​លោកបន្តការងារសិល្បៈព្រោះថា លោកមានសំឡេងពិរោះ ហើយងាកមកអុកឡុកសិល្បៈវិញ។ ជាពិសេស លោកក៏​ត្រូវបានផលិតកម្មមរតមេឌា ពេញចិត្តឲ្យ​ចូលច្រៀងរហូតចេញបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើង​ថា «គ្មានអ្នកទី៣» បង្ហោះលើបណ្តាញសង្គមភ្លាម ទទួលបាន​ការចូលចិត្តច្រើនពីអ្នកស្តាប់។ ការចេញសមិទ្ធិ​ផលថ្មីធ្វើឲ្យ​សាមីខ្លួនបានរំសាយទុក្ខបាត់ម្តាយជាទីស្រឡាញ់ មានទឹកចិត្តបំពេញការងារឡើងវិញ ព្រោះសិល្បៈលោកតស៊ូពុះពារច្រើនឆ្នាំ ទម្រាំ​ពង្រីកកេរ្តិ៍​ឈ្មោះមកដល់ពេលនេះបាន។

តារារូបនេះបញ្ជាក់ថា ការ​វិលរកការងារសិល្បៈលោកទទួលបានឱកាសចេញថតភាពយន្ត កម្មវិធីទូរទស្សន៍មួយចំនួន ពិសេសលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួនបន្ថែមក្នុងផលិតកម្មថ្មី គឺបទ “គ្មានអ្នកទីបី” ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ។

តារារូបនេះបញ្ជាក់ដែរថា ការងារមិនមមាញឹកខ្លាំង ប៉ុន្តែហាក់មានសន្ទុះជាងឆ្នាំមុន។ លោកពិតជាមានទឹកចិត្តបានឃើញមិត្តទាំងឡាយលើកទឹកចិត្ត ក៏​ដូចជាការងារថ្មី មានការឲ្យ​តម្លៃ លោកនឹងព្យាយាមខិតខំប្រមូលអារម្មណ៍ឲ្យ​ល្អឡើងវិញ ដើម្បីរកប្រជាប្រិយភាពលើសិល្បៈដែលស្រឡាញ់តាំងពីតូចមក និងចង់សាងស្នាដៃឲ្យ​ច្រើនតទៅទៀត៕