ស្ត្រី៤រូប នឹងប្រជែងតំណែងប្រធានាធិបតីអាមេរិក ជាមួយលោក​ ត្រាំ នាឆ្នាំ២០២០

10-02-2019 9:59am

អាមេរិកៈ បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យ មានស្ត្រីដល់ទៅ៤រូប ប្រកាសប្រជែងតំណែងជាបេក្ខភាពតំណាងគណបក្សនេះ ដើម្បីទៅប្រកួតប្រជែងជាមួយប្រធានាធិបតីដូណាល់ត្រាំនាឆ្នាំ២០២០។ ស្ត្រី៤រូបដែលបានប្រកាសប្រជែងតំណែងប្រធានាធិបតី មាន លោកស្រី ហ៊ីលឡារីគ្លីនតុន លោកស្រី Elizabeth Warren លោកស្រី Kamala Harris លោកស្រី Kirsten Gillibrand។

ចំនួនស្ត្រីប្រជែងតំណែងប្រធានាធិបតីអាមេរិកកើនឡើង បន្ទាប់ពី លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាអាមេរិក ប្រកាសឈរឈ្មោះបោះឆ្នោតអាមេរិកនៅឆ្នាំ២០២០។ លោកស្រី Elizabeth Warren មកពីរដ្ឋ Massachusetts ដែលតែងតែរិះគន់ប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសថានឹងចូលរួមប្រជែងតំណែង ប្រធានាធិបតីអាមេរិក។

សារព័ត៌មាន The Guardian បានផ្សាយថា លោកស្រី Elizabeth Warren អាយុ៦៩ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី ៩ខែកុម្ភៈ បានសម្រេចចូលរួមប្រជែងតំណែងប្រធានាធិបតី ។ លោកស្រីបានប្រឆាំងទៅនឹងស្ថានភាព គ្មានតម្លាភាព សេដ្ឋកិច្ចអាមេរិកនាពេលបច្ចុប្បន្ន ទាំងនោះជាគោលនយោបាយអាទិភាព របស់លោកស្រីសម្រាប់ប្រជែងតំណែងប្រធានាធិបតីអាមេរិក។

លោកស្រី Elizabeth Warren សង្ឃឹមថា ជាមួយគោលនយោបាយខាងលើ អាចនឹងជួយដល់លោកស្រីមានភាពលេចធ្លោជាងគេនៅក្នុងចំណោមបេក្ខភាព ប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ។

លោកស្រី Elizabeth Warren បញ្ជាក់នៅក្នុងពិធីប្រកាសចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតីអាមេរិកថា «នេះជាសង្គ្រាមដើម្បីជីវភាពរស់នៅរបស់យើង »។

លោកស្រីបានវាយប្រហារយ៉ាងចាស់ដៃទៅលើប្រធានាធិបតីដូណាល់ត្រាំ ទន្ទឹមនឹងនោះលោកស្រីប្រកាសថា នឹងធ្វើឲ្យអាមេរិក ផ្លាស់ប្តូរថ្មី។ លោកស្រីបញ្ជាក់ថា បណ្តាក្រុមហ៊ុនធំៗនៅអាមេរិក ក៏ដូចជា ក្រុមអ្នកមាន បានបង្កើត បណ្តាញប្រឆាំង និងពលរដ្ឋសាមញ្ញអាមេរិក។ លោកស្រីបានឡើងគម្រោង ឲ្យអ្នកមាន ទ្រព្យសម្បត្តិចាប់ពី៥០លានដុល្លារឡើង គឺត្រូវបង់ពន្ធ២ភាគរយ ចំណែកអ្នកមានទ្រព្យសម្បត្តិពី១ពាន់លានដុល្លារឡើងត្រូវបង់ពន្ធ ៣ភាគរយនៃទ្រព្យសម្បត្តិរួម។

ការបោះឆ្នោតជាបឋមសម្រាប់គណបក្សប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខភាព តំណែងប្រធានាធិបតី សម្រាប់ ប្រជែងជាមួយប្រធានាធិបតីដូណាល់ត្រាំ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ នេះ៕