Sheffield United បាត់បង់ឱកាសមាស ឡើងមកឈរលើកំពូលតារាង Championship ក្រោយស្មើជាមួយ Aston Villa

09-02-2019 2:26pm

បាល់ទាត់ៈ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុម Aston Villa រកបានដល់ទៅ៣គ្រាប់នៅ៨នាទីចុងក្រោយ ដើម្បីសង្រ្គោះបានលទ្ធផលស្មើ៣-៣ ខណៈដែលក្រុម Sheffield United បាត់បង់ឱកាសមាសរបស់ខ្លួន ដើម្បីឡើងមកឈរនៅលើកំពូលតារាងបាល់ទាត់ក្របខ័ណ្ឌទី២ Championship របស់អង់គ្លេស។

ក្រុមរបស់លោក Dean Smith បានស្លាប់ទាំងរស់ទៅហើយនៅក្នុងទឹកដី Villa Park ក្រោយពេលតាមពីក្រោយគេ៣គ្រាប់ជាមួយក្រុម Sheffield United ។

៣គ្រាប់ក្នុងតង់ទី២របស់កីឡាករ Billy Sharp បានធ្វើឲ្យក្រុម Sheffield United ក្តោបក្តាប់ឱកាសរបស់ខ្លួនទាំងស្រុង ប៉ុន្តែបែរជាក្រុម Aston Villaចាប់ផ្តើមវាយបកដូចទឹកបាក់ទំនប់ ក្រោយពីមានគ្រាប់បាល់នៅនាទី៨២របស់កីឡាករ Tyrone Mings ។

កីឡាករ Tammy Abraham រកបាន១គ្រាប់ទៀតនៅរយៈពេល៤នាទីបន្ទាប់ ដើម្បីធ្វើឲ្យក្រុម Aston Villaមានសន្ទុះលេងឡើងវិញ ហើយកីឡាករបម្រុង Andre Green តែតបាល់បញ្ចូលទីសម្រាប់គ្រាប់បាល់ទី៣នៅម៉ោងបញ្ចប់ការប្រកួត ដើម្បីសម្រេចបានលទ្ធផលស្មើមិនគួរឲ្យជឿ៣-៣៕