ស កេសរ៉ា ចង់ឃើញតារាស្រករក្រោយ ប៉ិនសម្តែងរហូតអាចចូលរួមជាមួយបរទេសបាន
ភ្នំពេញៈ តារាជើងចាស់នៅតែមានទឹកចិត្តស្រឡាញ់វិស័យសិល្បៈអ្នកស្រី ស កេសរ៉ា បានព្យាយាមរកវិធីថ្មីមួយទៀត ដោយប្រកាសជួយបង្រៀនសម្តែងដល់អ្នកស្រឡាញ់សិល្បៈ ក៏ដូចជាតារាថ្មីឲ្យមានគន្លឹះយល់ពីរបៀបសម្តែងឲ្យកាន់តែត្រូវចិត្តអ្នកដឹកនាំរឿង។ លើសពីនេះអ្នកស្រី ក៏មានទីតាំងកន្លែងថតសម្តែងចែកជូនដល់បងប្អូនសិល្បករឲ្យមានឱកាសសម្តែងផងដែរ។
អ្នកស្រី ស កេសរ៉ា ជាតារាភាពយន្ត ហើយបច្ចុប្បន្នអ្នកស្រី ក៏មានផលិតកម្មផ្ទាល់ខ្លួន ដើម្បីប្រមូលតួមកសម្តែងចូលរួមលើកកម្ពស់វិស័យភាពយន្តខ្មែរ។ អ្នកស្រីរមែងតែងតែចូលរួមរាល់សកម្មភាពសិល្បៈមិនថា ការសម្ពោធខ្សែភាពយន្តផលិតករផ្សេង ឬកម្មវិធីសិល្បករជួបទុក្ខព្រួយ ក៏អ្នកស្រីចំណាយពេលចូលរួមលើកទឹកចិត្តជាប្រចាំ។ បើទោះជារឿងអ្នកស្រីផលិតរឿងមានការគាំទ្រតិចតួច តែអ្នកស្រីនៅតែចិញ្ចឹមចិត្តចូលរួមសម្តែង ផលិត ព្រោះតែនិស្ស័យស្រឡាញ់សិល្បៈមិនអាចកាត់ផ្តាច់បាន។
នៅពេលនេះបងប្អូនសិល្បករទាំងអស់អាចមករៀនពីជំនាញសម្តែង ដែលអ្នកស្រី កេសរ៉ា ផ្តល់ជូនដោយគំនិតរបស់អ្នកស្រី គ្មានអ្វី ក្រៅពីចង់ឃើញតារាខ្មែរស្រករក្រោយ ពោរពេញដោយសមត្ថភាពពិត យល់ពីតិចនិចសម្តែងឲ្យចំក្បួនខ្នាត ដើម្បីឲ្យគេមើលមកពិតជាល្អ។ម្យ៉ាងទៀតអ្នកស្រីមានគេស្គាល់ ហើយក៏ស្គាល់ផលិតកម្មជាច្រើន ដូចជាផលិតករបរទេសទៀតនោះ ទើបអ្នកស្រីចង់ឲ្យហាត់រៀន ដើម្បីអាចសម្តែងជាមួយក្រុមហូលីវូត៕