ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀបចំព្រឹត្តិការណ៍ជប់លៀងខ្នាតធំប្រចាំឆ្នាំ ក្រោមវត្តមានតារាជាច្រើន

09-02-2019 7:39am

ភ្នំពេញៈ នាយប់មិញនេះ តារាចម្រៀង តារាសម្តែង និងថ្នាក់ដឹកនាំប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍​លេខ៥ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ បាននាំគ្នាជួបជុំក្នុងឈុតសម្លៀកបំពាក់ស្អាតៗក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏ធំ ធ្វើឡើង ដើម្បី​លើកទឹកចិត្តក្រុមការងារ។ ពិធីនេះបានប្រារព្ធ​ធ្វើឡើងនាភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ រាជធានីភ្នំពេញ ក្រោមបរិយាកាសរីករាយ។

ទូរទស្សន៍ប៉ុស្តិ៍​លេខ៥ តែងតែព្យាយាមរំលេចនូវកម្មវិធីល្អៗជាច្រើនចែកជូនដល់ទស្សនិកជនទាំងវិស័យភាពយន្ត វិស័យកីឡាប្រដាល់ខ្មែរ ក៏​ដូចជាផ្តល់ជូននូវចំណេះដឹងល្អៗជាច្រើនទៀតចែកដល់អ្នកទស្សនាជាច្រើន ដែលបានបន្តជួយគាំទ្រស្ថានីយទូរទស្សន៍ប៉ុស្តិ៍​លេខ៥ តាំងពីដើមមក។ មិនត្រឹមតែប៉ុណ្ណឹង ទូរទស្សន៍ប៉ុស្តិ៍​លេខ៥ ដែលកកើតតាំងពីឆ្នាំ១៩៩៥រហូតដល់​បច្ចុប្បន្ន ក្រៅពីរកការងារជួយបុគ្គលិកឃើញថា ក៏​បានជួយដល់សិល្បករគ្រប់ផ្នែកឲ្យ​មានអាជីពសម្តែងជាប់ជាហូរហែរអាចជួយសម្រួលជីវភាពប្រចាំថ្ងៃឲ្យ​មានកម្រិតហក់ឡើងជាបន្តបន្ទាប់ ដោយសារតែផលិតខ្សែភាពយន្តខ្មែរជាញញឹកញាប់សំដៅលើកស្ទួយសិល្បៈខ្មែរ។

នេះជាកម្មវិធីជប់លៀងខ្នាតធំ ដែលបានរៀបចំ៣លើកមកហើយ ដោយលើកនេះ ជាលើកទី៤ឃើញថា ម្នាក់ៗសប្បាយរីករាយក្រោមបរិយាកាសស្និតស្នាល។ លើសពីនេះមានកម្មវិធីរាំកម្សាន្តការចាប់រង្វាន់ជាច្រើនសុទ្ធ​តែរង្វាន់ល្អៗមានដូចជា ទូរទស្សន៍ ម៉ាស៊ី​នបោកខោអាវ ទូទឹកកក សំបុត្រស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនាខេត្តសៀមរាប ព្រមទាំងរង្វានមួយចំនួនទៀតផងដែរ។

តារាចូលរួមមាន ៖ ឌូង ហ្សូរីដា ព្រះកាយច័ន្ទ យន សុភក្រ័ ស្រេន វុធថា កញ្ញា ម៉ូនណា ញឹម ច័ន្ទថន សុធា ពិសិដ្ឋ លោកស្រី ថុង សៀវទៀង ម្ចាស់ផលិតកម្មចក្រវាឡពេជ្រ លោក សូ ឆាន្នី កែវ សុវណ្ណី កញ្ញាម៉ាឡែន ប្រធានទីផ្សារប្រចាំប៉ុស្តិ៍​លេខ៥ លោក សរ ងួន ពិធីករ លោក កណ្ណិកា អ្នករៀបចំកីឡាប្រដាល់ ឌីជេអូឡាឡា ព្រមទាំងតារាថ្មីចាស់ជាច្រើនទៀត៕