Valencia តាមបានស្មើជាមួយ Real Betis នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey

08-02-2019 7:02pm

បាល់ទាត់ៈ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានក្រុម Real Betis កីឡាករ Joaquin រកបានគ្រាប់បាល់ដ៏គួរឲ្យចាប់អារម្មណ៍ ពីការស៊ុតបាល់ជ្រុងនៅការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ក្រុមរបស់គាត់នៅក្នុងទឹកដីខ្លួនឯងជាមួយក្រុម Valencia ប៉ុន្តែក្រុមភ្ញៀវ បានវាយបកវិញ រហូតដល់តាមបានស្មើ២-២។

កីឡាករ Kevin Gameiro ដណ្តើមបានគ្រាប់បាល់ស្មើនៅម៉ោងបញ្ចប់ការប្រកួតសម្រាប់ក្រុម Valenciaក្រោយកីឡាករ Denis Cheryshev កាត់បន្ថយឱនភាពនៅ២០នាទីចុងក្រោយ ធ្វើឲ្យការប្រកួតមួយនេះ ស្ថិតនៅក្នុងតុល្យភាពមុនការប្រកួតជើងទី២ នៅក្នុងទឹកដី Mestalla នាថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ។

ខ្សែប្រយុទ្ធ Loren Moron បានធ្វើឲ្យក្រុម Betisនាំមុខមុន នៅដំណាច់ការប្រកួតតង់ទី១ ហើយកីឡាករ Joaquin បន្ថែមគ្រាប់បាល់ទី២នៅដើមតង់ទី២។

ខ្សែបម្រើជើងចាស់ម្នាក់នេះ បានធ្វើឲ្យការស៊ុតបាល់ជ្រុងរបស់គាត់ឆ្លងចូលក្នុងខ្សែទី មុនពេលអ្នកចាំទី Jaume Domenech របស់ក្រុម Valencia ទះបាល់ចេញ តែត្រូវអាជ្ញាកណ្តាលផ្តល់គ្រាប់បាល់ ក្រោយពិគ្រោះយោបល់ជាមួយប្រព័ន្ធជំនួយការអាជ្ញាកណ្តាល(VAR)៕