ការសម្រេចជ្រើសរើសយកវៀតណាម របស់លោក ដូណាល់ ត្រាំ ជាសារសន្តិភាពដល់ពិភពលោក និងកូរ៉េខាងជើង

08-02-2019 2:15pm

វ៉ាស៊ីនតោនៈ សារដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក ផ្ញើទៅកាន់ពិភពលោក និងកូរ៉េខាងជើង នាពេលនេះ គឺវៀតណាម-អាមេរិក ជាសត្រូវនឹងគ្នា ធ្លាប់ធ្វើសង្គ្រាមជាច្រើនឆ្នាំ ហើយនៅទីបំផុត ប្រទេសទាំងពីរ បានចាប់ដៃគ្នា ដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅមុខ បំភ្លេចអតីតកាល។

នៅពេលនេះ ប្រទេសវៀតណាម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយនានា នៅជុំវិញពិភពលោក ដោយវៀតណាម ត្រូវបានអាមេរិក ជ្រើសរើសជាកន្លែងរៀបចំជំនួបកំពូលលើកទី២។ អ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺវៀតណាម-អាមេរិក ជាសត្រូវនឹងគ្នា កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្នជាមិត្តដ៏ជិតស្និតនៅក្នុងតំបន់។

ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃទី៨ ខែកុម្ភៈថា ចំណុចទាំងនោះហើយ ទើបអាមេរិក សម្រេចជ្រើសរើសយកវៀតណាម សម្រាប់ពិភាក្សាជាមួយកូរ៉េខាងជើង ដោយសង្ឃឹមថា នឹងមានទំនាក់ទំនងល្អប្រសើរ ដូចជាអាមេរិក និងវៀតណាមនាពេលនេះ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានបញ្ជាក់ថា តំណាងពិសេសរបស់អាមេរិក ស្តីពីកូរ៉េខាងជើង លោក Stephen Biegun កំពុងនៅក្នុងទីក្រុងប៉េកាំង ដើម្បីរៀបចំជំនួបកំពូលលើកទី២ រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន នាថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខនេះ។

លោក Robert Palladino បានបញ្ជាក់ទៀតថា មូលហេតុដែលជ្រើសរើសវៀតណាម សម្រាប់ជំនួបកំពូលលើកទី២ ដោយសារតែប្រវត្តិសាស្ត្រនៃទំនាក់ទំនងអាមេរិក-វៀតណាម បានឆ្លុះបញ្ចាំងពីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកបន្តថា “យើងបានឆ្លងផុតនៅអតីតកាល នៃសង្គ្រាម ហើយពេលនេះ យើងជាដៃគូអភិវឌ្ឍន៍យ៉ាងល្អប្រសើរ”។

ជាមួយគ្នានេះ វៀតណាម បានប្តេជ្ញារៀបចំកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ទទួលបានជោគជ័យ១០០ភាគរយ។ ពិភពលោកទាំងមូល បានចាប់អារម្មណ៍ចំពោះវៀតណាម បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជ្រើសរើសយកវៀតណាម ជាទីតាំងសម្រាប់ជំនួបជាលើកទី២ របស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

វៀតណាម ដែលជាម្ចាស់ផ្ទះ បានប្រកាសស្វាគមន៍ ចំពោះការសម្រេចជ្រើសរើសនេះ ហើយបានប្តេជ្ញាថា នឹងធ្វើឲ្យកិច្ចប្រជុំកំពូលនេះ ទទួលបានភាពជោគជ័យ។ នេះបើតាមសម្តី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ធូហាង (Le Thi Thu Hang) ដែលបានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ នៅពេលដែលឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាម ទៅលើសុន្ទរកថារបស់លោក ដូណាល់ ត្រាំ ស្តីពីកិច្ចប្រជុំកំពូលលើកទី២ រវាងរូបលោក និងលោក គីម៕