សាហាវមែន​!​ ម្នាក់ដាច់សរសៃដៃទាំងពីរ និង២នាក់ទៀត រត់គេចខ្លួនទាំងរបួស បន្ទាប់ពី​ក្មេងស្ទាវជិត២០ម៉ូតូ ដេញកាប់ប្រហារដូចរឿងហុងកុង

08-02-2019 8:07am

ភ្នំពេញៈ ក្រុមក្មេងស្ទាវ​មានគ្នាជិត២០ម៉ូតូ​ ដេញកាប់យុវជន៣នាក់ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក ICON បណ្ដាលឲ្យយុវជនម្នាក់ ដាច់សរសៃដៃទាំងពីរ ដេកដួលក្នុងថ្លុកឈាម និង២នាក់ រងរបួសរត់គេចខ្លួនបាត់​​។

ករណី​ក្មេងទំនើងដេញកាប់គ្នាយ៉ាងសាហាវដូចរឿងហុងកុងនេះ​ បានកើតឡើ​ងនៅវេលាម៉ោង១៖៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុច​ជិតសណ្ឋាគារស្រែលាភ លើ​កំណាត់ផ្លូវលេខ៦១៤​ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

យុវជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ជិះម៉ូតូ Honda ICON ពណ៌​ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ​ 1AR-5338​ បានរងរបួសធ្ងន់​ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម​ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ "ហុងហាក់​"​ ដាក់​អុកស៊ីហ្សែន​ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 

ប្រភពព័ត៌មានពីអ្នកភូមិបានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ​សារព័ត៌មាន​ ខេមប៉ុស្តិ៍​ ដឹងថា​ មុនពេលកើតហេតុ​ គេឃើ​ញយុវជន៣នាក់ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ Honda ICON ពណ៌​ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ​ 1AR-5338 ឌុបគ្នា ធ្វើ​ដំណើរតាមបណ្ដោយផ្លូវបេតុង​ ចូលមកដល់ចំណុចកើតហេតុខាងលើ​ ក៏បានជួបក្រុមក្មេងស្ទាវមួយក្រុមទៀត មានគ្នាជា​ច្រើ​ននាក់ជិះម៉ូតូជិត២០គ្រឿង​ ប្រដាប់ដោយ​កាំបិត​ និងដាវ​សាម៉ូរ៉ៃ​ ហើ​យមិនដឹងមានរឿងអ្វីនោះទេ​ ស្រាប់តែនាំគ្នាដេញកាប់យុវជនទាំង៣នាក់នោះ​ ហើ​យយុវជនទាំង៣នាក់​ ក៏បានស្រែកសួរថា​ មានរឿងអីបង​? ហើ​យបន្តិចក្រោយមក ក៏លាន់លឺសំឡេ​ង​ប្រ៉ាវ​ ប្រហែលជាដួលម៉ូតូ ហើ​យលឺសំឡេ​ង​ស្រែក​ថា​ "បងប្អូនអើ​យជួយខ្ញុំផង​ គេកាប់ខ្ញុំហើ​យ​ ជួយខ្ញុំផង​"​ ហើយក៏ស្ងាត់ទៅវិញ។

ប្រភពបន្តថា​ ហើយក៏លឺសំឡេ​ងក្រុមក្មេងស្ទាវទាំងនោះ​ ស្រែកថា​ "ពួកហ៊ែង​តាមវា អាពីរនាក់នោះរត់ទៅតាមនោះហើ​យ​" ហើ​យក៏លឺសំឡេ​ងម៉ូតូជាច្រើ​នគ្រឿង​ និងសំឡេ​ងជើ​ងមនុស្សរត់ជាច្រើ​ននាក់​ ដេញតាមកាប់យុវជន២នាក់ កំពុងនាំគ្នារត់នោះ ​ដោយមិនដឹងថា​ កាប់ត្រូវកន្លែងណាខ្លះ ព្រោះពេលក្រុមក្មេងស្ទាវទាំងនោះ​ នាំគ្នាជិះម៉ូតូ​ចេញទៅវិញអស់​ មានអ្នកភូមិចេញមកមើ​ល​ឃើ​ញ ព្រោះឃើ​ញមានឈាមដាបទាំងថ្លុកនៅក្បែរម៉ូតូជនរងគ្រោះ និងស្នាមឈាមតក់​ពេញកន្លែងកើ​តហេតុ​ ប្រហែលជាត្រូវរបួសដែរហើយ​ តែមិនឃើញយុវជនទាំង២នាក់នោះ ចំណែកឯយុវជនម្នាក់ទៀត​ គឺឃើ​ញរងរបួសធ្ងន់ ​ត្រូវដៃទាំងសងខាង​ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាមប៉ុណ្ណោះ​ ទើ​បអ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ​ និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់​ អោយមកយកជនរងគ្រោះទៅសង្គ្រោះសិន។

មួយសន្ទុះក្រោយមក​ គេឃើ​ញមានរថយន្តគិលានសង្គ្រោះមួយគ្រឿង​ របសគ្លីនិកឯកជន​ "ហុងហាក់​"​ មកដល់កន្លែងកើតហេតុ​ រួចប្រញាប់មើលស្ថានភាពយុវជនរងគ្រោះ​ នៅអាចជួយសង្គ្រោះបា​ន​ ទើ​បលើកឡើ​ងលើ​រថយន្តដាក់​អុកស៊ីហ្សែន​ រួចដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើ​ការសាកសួរប្រជាពលរដ្ឋ ​និងធ្វើ​កំណត់ហេតុ​ទុក​ រួចយកម៉ូតូជនរងគ្រោះ​ ទៅរក្សាទុក​បណ្ដោះអាសន្ន​នៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីរង់ចាំភាគីខាងរងគ្រោះ​ យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ​ និងរង់ចាំអោយភាគីរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ រកបក្ខពួកក្រុមជនដៃដល់ទាំងនោះ​ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់​៕