រឿង«អង្រឹង» របស់ផលិតកម្ម LD ចាក់បញ្ចាំងផ្លូវការ ថ្ងៃ៧ កុម្ភៈ ២០១៩

06-02-2019 7:23am

ភ្នំពេញៈ ​កាលពីយប់មិញថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៩ ផលិតកម្មអិលឌីភាពយន្តបានរៀបចំព្រឹត្តិការណ៍សំខាន់ក្នុងការដាក់សម្ពោធខ្សែភាពយន្តរបស់ខ្លួន ដែលទើបសម្រិតសម្រាំង មានឈ្មោះថា«អង្រឹង»។ នេះជារឿងខ្មោចរន្ឋត់ភ័យព្រឺព្រួច បើបានចូលទស្សនាហើយ ពិតជាមិនខកចិត្តឡើយ ធានាថាស្រែកពេញរោង និងពញ្ញាក់អារម្មណ៍តែម្តង។

ពិធីសម្ពោធជាផ្លូវការនេះ បានរៀបចំឡើងនារោ​ងភាពយន្តលេជេនអេដេនបឹងកក់ រាជធានីភ្នំពេញ ក្រោមវត្តមានតារាជាច្រើនចូលរួមតំណាងរោងភាពយន្តលេជេន ថៅកែផលិតកម្មអិលឌី និងសហការី តំណាងនាយកដ្ឋានភាពយន្ត និងបណ្តាសារព័ត៌មានមួយចំនួនទៀតផងដែរ។

នាឱកាសនោះ ក៏មានការបញ្ចាំងអបអររឿងថ្មីនេះដល់អ្នកចូលរួមសម្ពោធឲ្យ​បានដឹងពីគុណភាពនៃសាច់រឿងមានការផ្ចិតផ្ចង់ដល់កម្រិតណាជូនភ្ញៀវបានវិភាគ និងកែលម្អ។ ក្រោយចូលទស្សនាឃើញថា ឈុតឆាកនីមួយៗពិតជាល្អទាក់ទាញ បើប្លង់ខ្មោចលងវិញ គឺលងសាហាវភ្ញាក់អ្នកទស្សនាខ្លាំង អ្នក​ខ្លះស្រែកពេញរោង និងនិយាយថា អិលឌីនៅតែមានទឹកដៃក្នុងការផលិតរឿងសម្តែងបានល្អមិនថាតួចាស់ ឬថ្មី។

លោក គូម៉ា តារាចម្រៀងលំដាប់យុវវ័យជាតួអង្គសំខាន់ក្នុងសាច់រឿង«អង្រឹង»បានឲ្យ​ដឹងថាខ្សែភាពយន្តរឿង «អង្រឹង»ជារឿងដំបូងរបស់លោក ដែលបានសម្តែងជាមួយផលិតកម្មអិលឌីដោយចាត់ទុកថា នេះជាឱកាសមួយដែលបានខាងផលិតកម្មជ្រើសរើស។ នេះក៏​ជាការបង្ហាញដល់អ្នកគាំទ្ររូបលោកចង់ឃើញការសម្តែងជាមួយខ្សែភាពយន្ត គឺបានមកដល់ហើយនឹងមានចាក់បញ្ចាំងនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩តទៅនារោងភាពយន្តលេជេន។យ៉ាងណាក៏​ដោយការសម្តែងរបស់លោកនៅមិនទាន់ល្អឥតខ្ចោះទាំងស្រុងនោះទេ ព្រោះជាការសម្តែងលើកទី១។

តារាសម្តែងក្នុងសាច់រឿង «អង្រឹង»មានលោក គូម៉ា កញ្ញាសឿន ស៊ី​ធឿន អ្នកនាងស្វែង សុជាតា អ្នកស្រី សោភ័ណ្ឌ លោក អ៊ុ សុវណ្ណគិរី ស្តេចហ្គេម លោក សាន្ត ប៊ុនធឿន ព្រមទាំងតារាកិត្តិយសជាច្រើនទៀតផងដែរ៕