តារាចម្រៀងល្បី​ៗ ដឹកដៃគូស្នេហ៍សាងភាពផ្អែមល្ហែម នារដូវធ្លាក់ទឹកកក នៅប្រទេសកូរ៉េ

05-02-2019 10:07am

កម្សាន្តៈ តារាចម្រៀងមកពីផលិតកម្មផ្សេងគ្នា គឺកញ្ញា សួស វីសា របស់ផលិតកម្មរស្មីហង្សមាស និង កញ្ញា យូរី របស់ផលិតកម្មសាន់ដេ និងលោក នី រតនា មកពីហង្សមាស បានប៉ះគ្នាលើឆាកតន្ត្រីរដូវរងានៅកូរ៉េ ដែលពួកគេត្រូវសម្តែង២លើក ដើម្បីឲ្យពលករខ្មែរនៅទីនោះ បានទស្សនាដោយរីករាយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលលើកទី១ សម្តែងនៅទីក្រុងគឹមហេ ថ្ងៃទី៣កុម្ភៈ និងលើកទី២ ថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងអាន់សាន់។

ចាត់ទុកថា នេះជាឱកាសសម្តែងដ៏កម្រ ព្រោះមិនត្រឹមតែទទួលបានការគាំទ្រពីពលរដ្ឋខ្មែរនាប្រទេសកូរ៉េ តែក៏ធ្វើឲ្យតារាទាំងនេះ ទទួលបានភាពកក់ក្តៅ ប្រកបដោយភាពផ្អែមល្ហែម និងអនុស្សាវរីយ៍ល្អៗ នៅលើទឹកដីកូរ៉េ។

កញ្ញា សួស វីសា បានដឹកដៃសង្សារក្មេងលោក ថម មី ខណៈដែល កញ្ញា យូរី ក៏ដឹកដៃសង្សារប្រុសសង្ហាលោក ប៊ីម៉ូ ឡើងយន្តហោះ កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ដែរ ដោយពួកគេថែមទាំងបង្ហាញភាពផ្អែមល្ហែមស្នេហ៍រៀងៗខ្លួន ផ្អើលពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៀតផង។ លើសពីនោះ នាងក៏សន្យាថា នឹងបង្ហោះរូបស្វីតៗល្អៗនៅប្រទេសកូរ៉េ ជាមួយលោកថម មី ចែកជូនអ្នកគាំទ្រទស្សនាពីទិដ្ឋភាពផ្សេងៗនៅទីនោះ។

តារាចម្រៀងលេចធ្លោនៅផលិតកម្មសាន់ដេ កញ្ញាយូរី និងលោកប៊ីម៉ូ ជាដៃគូរចម្រៀង ក៏បានបង្ហាញឲ្យឃើញពីភាពស្និតស្នាលគ្នាច្រើន នាឱកាសចាកចេញទៅសម្តែងនៅប្រទេសកូរ៉េលើកនេះ។ អ្នកគាំទ្រយូរី បានសម្តែងភាពត្រេកអរពេញទំហឹង ព្រោះការហោះទៅកូរ៉េរបស់នាងជាលើកទី២ ឃើញថា កក់ក្តៅជាងមុន ព្រោះបានដឹកដៃគូរចម្រៀងដ៏ល្អ ដូចជាគូស្នេហ៍បាននៅក្បែរខ្លួន។ កញ្ញាយូរី បានអរសប្បាយរីករាយ ហើយសម្រិតសម្រាំងបទចម្រៀងល្អៗចែកជូនដៃគូច្រៀងបំពេរពលករនៅកូរ៉េ។

សួស វីសា បានឲ្យដឹងថា នាងនឹងយកបទចម្រៀងល្បីរបស់នាងទៅបកស្រាយលើឆាកតន្ត្រីរដូវរងានោះ មានទាំងបទស្លូវ និងបទញាក់ ហើយនាងសង្ឃឹមថា បងប្អូននឹងទៅទស្សនាច្រើន។ យូរី វិញ ក៏មិនខុសពី សួស វីសា បានត្រៀមរួចជាស្រេចនូវបទចម្រៀងល្បីៗរបស់ខ្លួន ជាមួយសង្សារ លោក ប៊ីម៉ូ ដូចជាបទ “ចាក់ទឹកដូង” និងបទ “រាំស្កុប”ជាដើម ហើយអ្នកចម្រៀងសាន់ដេ តូចច្រឡឹងនេះថា វាជាឱកាសរីករាយណាស់ ដែលនាងបានជួបជុំពលករជាច្រើននៅកូរ៉េនេះ។

លោក នី រតនា ទើបវិលត្រឡប់មកពីដឹកដៃប្រពន្ធ ហេង សុវណ្ណភក្តិណា ទៅក្រេបចន្ទទឹកឃ្មុំនៅកោះម៉ាល់ឌីវ ថ្មីៗនេះ កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងពេលដែលរតនា ចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ រយៈពេល១សប្តាហ៍នេះ ក៏បានបណ្តើរភក្តិណា ទៅសាងអនុស្សាវរីយ៍លើទឹកដីកូរ៉េ ផងដែរ។

សាច់ញាតិរបស់រតនា បានប្រាប់ថា ភក្តិណា ស្រលាញ់រតនាខ្លាំងណាស់ ហេតុនេះហើយទៅណាមិនចង់ឲ្យប្តីទៅម្នាក់ឯងទេ ខ្លាចពិបាក អ៊ីចឹងមានតែដើរតាមប្តីរហូតតែម្តង ទាំងនៅក្នុងនិងក្រៅស្រុក ហើយពួកគេគ្រោងនឹងយកកូនប្រើឲ្យបានក្នុងពេលឆាប់ៗនេះហើយ៕