លោក ត្រាំ ច្រឡោតខឹងនឹងក្រុមចារកម្មអាមេរិក ក្រោយបញ្ចេញរបាយការណ៍ ស្ដីពីអ៊ីរ៉ង់ និងកូរ៉េខាងជើង

31-01-2019 12:21pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកទីភ្នាក់ងាចារកម្មអាមេរិកថា “ត្រង់ខ្លាំងពេក” ពាក់ព័ន្ធនឹងបញ្ហារបស់អ៊ីរ៉ង់ ហើយបានច្រានចោលការវាយតម្លៃរបស់ពួកគេ លើការគំរាមកំហែងពីកូរ៉េខាងជើង។

លោក ត្រាំ បានសរសេរតាម Twitter ថា “សូមប្រុងប្រយ័ត្នជាមួយអ៊ីរ៉ង់។ ប្រហែលជាក្រុមចារកម្មទាំងអស់នេះ គួរវិលត្រឡប់ទៅរៀនម្តងទៀតហើយ”។

ការឆ្លើយតបដ៏ឆាប់ច្រឡោតនេះ បានកើតមានឡើង ក្រោយរបាយការណ៍ចារកម្មសហរដ្ឋអាមេរិក អះអាងថា អ៊ីរ៉ង់ មិនបានផលិតអាវុធនុយក្លេអ៊ែរនោះទេ។

របាយការណ៍នេះ បាននិយាយផងដែរថា កូរ៉េខាងជើង ទំនងជាមិនបោះបង់ចោលឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរ និងសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ។

ប្រធានក្រុមចារកម្មជាតិ លោក ឌែន ខូត និងប្រធានក្រុមចារកម្មផ្សេងទៀត បានប្រគល់របាយការណ៍ “វាយតម្លៃការគំរាមកំហែងសកលលោក” ដល់ព្រឹទ្ធសភា កាលពីថ្ងៃអង្គារ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាហេតុធ្វើឲ្យមានការរិះគន់សកលពីប្រទេសសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីងតោន៕