ជំងឺឆ្លងប្រភេទថ្មី កំពុងវាយប្រហារតំបន់ Anseong កូរ៉េខាងត្បូង បង្កជាក្តីបារម្ភយ៉ាងខ្លាំង

31-01-2019 10:14am

កូរ៉េខាងត្បូងៈ ជំងឺឆ្លងប្រភេទថ្មី កំពុងតែរាលដាលនៅតំបន់ Anseong ប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យមន្ត្រីសុខាភិបាល ប្រកាសអាសន្នឲ្យបង្កើនការប្រុងប្រយ័តខ្ពស់ចំពោះជំងឺឆ្លង ដែលមានឈ្មោះថា “Foot and Mouth Disease (FMD)” ឬ ជំងឺរលាកជើង និងមាត់”។

ដោយបារម្ភពីសុខភាពរបស់ពលរដ្ឋ ក្រសួងកសិកម្ម កិច្ចការម្ហូបអាហារ និងជនបទ បានបញ្ជាក់ថា ក្នុងតំបន់ខ្លះ ជំងឺ FMD ត្រូវបានប្រកាសក្នុងកម្រិតអាសន្នទី២ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្រោយពីវីរុសនេះ។ ២ករណីត្រូវបានរកឃើញ នៅតំបន់ Anseong ចម្ងាយ៨០គីឡូម៉ែត្រ ខាងត្បូងទីក្រុងសេអ៊ូល។

កម្រិតអាសន្នអំពីវីរុសនេះ កូរ៉េខាងត្បូង កំណត់ថា មាន៤កម្រិត។ អាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យតាមដានស្ថានភាពវីរុសនេះយ៉ាងយកចិត្តទុកដាក់ បង្កើតកន្លែងស្កេនត្រួតពិនិត្យលើអ្នកដំណើរ ដែលធ្វើដំណើរតាមដងផ្លូវមួយទៅកាន់គោលដៅមួយទៀត ជិតខាងតំបន់ Anseong នោះ។ រដ្ឋាភិបាល កំពុងពិចារណាបិទទីផ្សារសត្វ ដោយអាស្រ័យតែការវិវឌ្ឍន៍នៃជំងឺ FMD នេះផងដែរ។ ម្ចាស់កសិកដ្ឋានក្នុងតំបន់ និងកម្មករកសិដ្ឋាន ត្រូវបានហាមមិនឲ្យទាក់ទងគ្នានោះទេ ដោយខ្លាចឆ្លងវីរុស FMD នេះ។

កន្លងមកថ្មីៗនេះ ក្រសួងកសិកម្មកូរ៉េ បានបញ្ជាក់ថា រកឃើញមានវីរុសឆ្លងមួយករណី ស្ថិតនៅកសិដ្ឋានផលិតទឹកដោះគោ ខណៈមួយករណីទៀត រកឃើញនៅទីសត្តឃាតគោក្របី ដែលមានចម្ងាយឆ្ងាយពីគ្នាប្រហែល១០គីឡូម៉ែត្រ។ ២ករណីនេះ ទំនងឆ្លងគ្នាទៅវិញទៅមក តាមរយៈរថយន្តតែម្តង៕