ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៣ពាន់លានដុល្លារ

28-01-2019 12:22pm

ភ្នំពេញៈ ឆ្នាំ២០១៨កន្លងមកនេះ ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា-អាមេរិក មានទឹកប្រាក់ប្រមាណ ៣,៣១ពាន់លានដុល្លារ កើនឡើង ២៧% ធៀបឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ប៊ីលានដុល្លារ ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឲ្យអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។

ក្នុងពិធី បើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា-អាមេរិក កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ពាន់លានដុល្លារ”។

ក្នុងឱកាសនោះលោកបានថ្លែងអំណរគុណ អាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះពន្ធនាំចូល(GSP) សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ​បន្តអនុវត្តន៍គោលនយោបាយបើកចំហរ និងការធ្វើសមាហរណកម្ម សេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា​​ទៅជាប្រទេស​ ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួឲ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទីកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ប៊ីលានដុល្លារ ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ប៊ីលានដុល្លារក្នុងឆ្នាំ២០១៩ ខាងមុខ។

កម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ១៩៩៧ ហើយបាននាំទំនិញ ក្រោមកម្មវិធីចូលអាមេរិក ចំនួន១៩៧លានដុល្លារ ត្រឹមឆ្នាំ២០១៦។ អាមេរិកបានសម្រេច ពន្យារពន្ធអនុគ្រោះ GSP ដល់កម្ពុជាកាលពីខែមេសា ឆ្នាំ២០១៨៕