រថយន្តក្រុង​ បុកជាមួយរថយន្តដឹកដី រួចរេចង្កូត​ទៅបុកបង្គោលភ្លើងធ្លាក់ផ្លូវ សំណាងល្អអ្នកដំណើរ របួសបន្តិចបន្តួច

28-01-2019 8:13am

កំពង់ធំៈ រថយន្តក្រុងដឹកអ្នកដំណើរ បុកជាមួយ​រថយន្តដឹកដី រួចរេចង្កូត​ទៅបុកបង្គោលភ្លើងធ្លាក់ផ្លូវ ខ្ទេចផ្នែកខាងមុខ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង២៖២០នាទីរសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពច្បាស់ពីសាក្សី បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿងនេះ បានបើកបរស្របទិសគ្នា​ ពីជើងទៅត្បូង លើផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តដឹកដី បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ហើយរថយន្តទេសចរ ដឹកអ្នកដំណើរបើកបរពីក្រោយជាន់ហ្វ្រាំងមិនទាន់ទៅបុកគូទរថយន្តដឹកដី គេចជ្រុលទៅបុកបង្គោលភ្លើង បណ្តាលខូចខាតក្បាលរថយន្តទាំងស្រុង តែសំណាងល្អ មិនក្រឡាប់ គ្រាន់តែរបួសបន្តិចបន្តួច ហើយអ្នកបើបររថយន្តទាំង២ ចុះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច បានឲ្យ​ដឹងថា រថយន្តទេសចរដឹកអ្នកដំណើរ ម៉ាកហ៊ីហិនដាយ ពាក់ស្លាកលេខភ្នំពេញ ៩៨៩២ និងរថយន្តដឹកដី ពាក់ស្លា​កលេខ ភ្នំពេញ ០៤០៣ ក្រោយ​ពេលកើតហេតុអ្នកដំណើរ បានជញ្ជូនអីវ៉ាន់ ទៅជិះ​រថយន្តផ្សេងទៀត​ធ្វើដំណើរទៅភ្នំពេញ ទើបសមត្ថកិច្ចចុះអន្តរាគមន៍វាស់វែងតាមក្រោយ ​និងប្រមូលយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំធ្វើការដោះស្រាយតាមក្រោយ៕