ផ្អើលទាំងកណ្ដាលយប់! ខឹងប្ដីមានស្រី ជិះម៉ូតូទៅតាមរក ដល់បន្ទប់ជួល

27-01-2019 9:21am

ភ្នំពេញៈ ស្រ្តីចំណាស់រួមដំណើរជាមួយកូនប្រុសម្នាក់ ជិះម៉ូតូទៅតាមស្វែងរកប្តីដល់បន្ទប់ជួល ដោយសារតែប្តីលួចមានស្រី ផ្អើលអ្នកជិតខាង និងសមត្ថកិច្ចទៅសម្របសម្រួល កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ស្រ្តីជាប្រពន្ធដើម មិនត្រូវបានស្គាល់ឈ្មោះនោះទេ មានទីលំនៅ ក្បែរវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្រ្តីខាងលើក្នុងវត្តមាននៅ មុខបន្ទប់ជួល ភូមិខាងលើ អះអាងថា ប្តីរបស់គាត់លួចមានស្រី មកសង្ងំដេកនៅទីនេះ គោះទ្វារបន្ទប់ហៅយ៉ាងណាក៏មិនឆ្លើយ ស្រែកហៅ ឡូឡារផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅសម្របសម្រួល សូម្បីតែសមត្ថកិច្ចហៅ គោះទ្វារផ្ទះដែលស្រ្តីរូបនេះអះអាងថា ប្តីគាត់នៅក្នុងហ្នឹង ក៏គ្មានអ្នកណាឆ្លើយ ម្លោះហើយសមត្ថកិច្ចសម្របសម្រួល ជៀសវាងស្រែកឡូឡារំខានដល់អ្នកជិតខាង។

តែបើស្រ្តីប្រពន្ធដើម បានបញ្ជាក់ ហើយថា ប្តីគាត់ពិតជានៅក្នុងបន្ទប់មួយហ្នឹង ដោយមើលតាមប្រឡោះប្រហោងទ្វារ ឃើញស្បែកជើងមនុស្សប្រុស ស្គាល់ដឹងថាជាស្បែកជើងប្តី ដែលខ្លួនទិញឲ្យ។

សមត្ថកិច្ចប្រាប់បានទំនាក់ទំនងតាមទូរស័ព្ទទៅភាគីខាងប្តី តាមលេខដែលប្រពន្ធប្រាប់ដែរ ប្តីកំហូចរូបនោះ បានឆ្លើយប្រាប់ហើយ គាត់មិនបាននៅក្នុងបន្ទប់ជួលហ្នឹងទេ តែទោះជាយ៉ាងណាក្តី ខាងស្រ្តីប្រពន្ធដើម ជឿជាក់ហើយ មិនពិតទេ ប្រាកដជានៅដេកឱបគ្នាក្នុងបន្ទប់ ព្រោះសំអាងឃើញស្បែកជើង។

ដំណោះស្រាយអន្តរាគមន៍ អស់ជម្រើស សមត្ថកិច្ចក៏មិនហៅម្ចាស់បន្ទប់ ឬម្ចាស់ផ្ទះជួលមកសាកសួរដែរ ដើម្បីឲ្យអស់ចិត្ត យល់ឃើញតែម្យ៉ាង កុំឲ្យរំខានដល់អ្នកជិតខាង រក្សាភាពស្ងៀមស្ងាត់ សូមឲ្យ ស្រ្តីប្រពន្ធដើមត្រឡប់ទៅផ្ទះសិន តែគាត់មិនព្រម សុខចិត្តនៅអង្គុយ មុខបន្ទប់ជួលរហូតដល់ព្រឹក រីឯសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅ២ គ្មានលទ្ធភាពដោះស្រាយពេលនោះ មានតែដកកម្លាំងថយ ទៅបាត់អស់៕