សង្ស័យអាជ្ញាធរខណ្ឌឫស្សីកែវ ដាក់ភាគហ៊ុនជាមួយម្ចាស់ទីតាំងណេត បង្កប់ល្បែងស៊ីសងខុសច្បាប់ហើយ ទើបមិនបង្ក្រាប

26-01-2019 8:23pm

ភ្នំពេញៈ ប្រជាពលរដ្ឋសង្ស័យថា ម្ចាស់ទីតាំងហាងអ៊ីនធើណេត មិនដាក់យីហោ ដែលកំពុងបង្កប់ល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទនៅក្នុងខណ្ឌឫស្សីកែវ បានការពាក់ព័ន្ធជាមួយអាជ្ញាធរហើយ ទើបបានជាមិនចុះបង្ក្រាប បណ្ដែតបណ្ដោយឲ្យបើកលេងបានយ៉ាងរលូនទាំងយប់ទាំងថ្ងៃបែបនេះ ។

ប្រជាពលរដ្ឋបានបន្តថា ទីតាំងនេះ គឺនៅមិនឆ្ងាយពីទីស្នាក់ការប៉ុស្ដិ៍ប៉ុន្មាននោះទេ ហើយក៏មិនពិបាករកនោះទេ។ ទីតាំងអ៊ិនធើណេតបង្កប់ល្បែងស៊ីសងទាំងនោះ មានដូចខាងក្រោម ៖

ទីតាំងទី១ មិនដាក់យីហោ ព្រោះចង់បង្វែងដានភ្នែកអ្នកផង ស្ថិតនៅទល់មុខ ខាងត្បូងប៉ុស្តិ៍នគរបាលទួលសង្កែ១ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលទីតាំងនេះ ត្រូវបានគេដឹងថា ឈ្មោះ ម៉ៅ ជាអ្នកបើក ។ ប្រភពថា ឈ្មោះ ម៉ៅ មានឋានៈផ្កាយ១ ក្នុងជួរមន្ត្រីយោធា។

ទីតាំងទី២ ក៏មិនបានដាក់យីហោដែរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់ហាងកាហ្វេ Today ក្នុងសង្កាត់ឫស្សីកែវ។ ទីតាំងនេះ មានឈ្មោះ សំណាង ជាអ្នកកាង និងជាអ្នកសុំភ្លើងខៀវពីអាជ្ញាធរ ថែមទាំងល្បីថា បានយកឈ្មោះ គណបក្សមកបាំងមុខ តែមិនដឹងថា គណបក្សមួយណានោះទេ ដែលបម្រើល្បែងនោះ ។

ទីតាំងទី៣ ដាក់យីហោឫស្សីកាហ្វេណេត ដែលមានទីតាំងខាងជើងសាលាបឋមសិក្សារឫស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ ក៏ដូចជាលោកវរសេនិយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ទើបតែមកកាន់តួនាទី សូមចុះត្រួតពិនិត្យផង បើសិនជាមិនបង្ក្រាបទេ ប្រហែលមានការពាក់ពន្ធ័ហើយ បានជាម្ចាស់ទីតាំងបើកល្បែងស៊ីសងបើកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃ ដោយអាជ្ញាធរធ្វើមើលមិនឃើញ និងមិនមានវិធានការបង្ក្រាបបែបនេះ ។

ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការលើទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះផង ព្រោះបទល្មើសចោរលួច ចោរឆក់ច្រើនណាស់ ។

ជាមួយគ្នា ប្រជាពលរដ្ឋសង្កត់ធ្ងន់ថា បើអាជ្ញាធរមានសមត្ថកិច្ច រវល់តែខ្លាចអំណាចក្រុមល្បែងស៊ីសងខុសច្បាប់ទាំងនេះ តើឲ្យពួកគាត់សង្ឃឹមអ្នកណា តើឯណាទៅគោលនយោបាយភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល ដាក់ឲ្យបើបទល្មើសកើតមានស្ទើរតែរៀងរាល់ថ្ងៃបែបនេះ ៕