រដ្ឋាភិបាលអាមេរិក បន្តបិទទ្វារស្ថាប័នសំខាន់ៗ ប្រឈមនឹងកង្វះថវិកា

25-01-2019 9:48am

វ៉ាស៊ីនតោនៈ ស្ថាប័នសំខាន់ៗនៅអាមេរិក ប្រឈមនឹងកង្វះថវិកា ដើម្បីបន្តសកម្មភាពរបស់ខ្លួន ក្រោយពេលរដ្ឋាភិបាលអាមេរិក បន្តបិទទ្វារ។ នៅពេលនេះ ការិយាល័យស៊ើបអង្កេតអាមេរិក (FBI) បានព្រមានថា FBI មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពនោះឡើយ។

ការព្រមានខាងលើ បានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលអាមេរិក បានបិទទ្វារមួយផ្នែកធំអស់រយៈពេលជាង១ខែកន្លងមកហើយ ដែលធ្វើឲ្យបុគ្គលិជិត៨សែននាក់ គ្មានប្រាក់ខែ។

នៅពេលនេះ គម្រោងដើម្បីបើកទ្វាររដ្ឋាភិបាលរបស់លោក ត្រាំ ត្រូវបរាជ័យដោយព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី២៤ ខែមករា មិនបានសម្រេចឈានដល់ការបើកដំណើរការរដ្ឋាភិបាលរយៈពេលខ្លីនោះទេ ខណៈដែលរដ្ឋាភិបាលនេះ ដោយផ្នែកបានបិទទ្វារមួយខែជាងហើយ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកអាចនឹងគាំទ្រគម្រោងថ្មីមួយ ប្រសិនជាមានរួមបញ្ចូលសន្តិសុខព្រំដែន។

ការបិទទ្វារចូលដល់ថ្ងៃទី៣៤ហើយ ដែលធ្វើឲ្យបុគ្គលិក មន្ត្រីរាជការផ្នែកខ្លះ នៃរដ្ឋាភិបាលរាប់ពាន់នាក់ គ្មានប្រាក់ខែ។ នៅពេលនេះ ទាំងមន្ត្រីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នា មិនដោះស្រាយផ្តល់មូលនិធិសម្រាប់បើកដំណើររដ្ឋាភិបាលក្នុងរយៈពេលខ្លីនោះទេ តាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភា។

ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានទាមទារមូលនិធិ៥.៧ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែន។ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារមិនមានការឯកភាពយល់ព្រមពីខាងគណបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងរដ្ឋសភា។

លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា បើមិនបានមូលនិធិសម្រាប់ធ្វើរបងការពារព្រំដែន តាមអ្វីដែលបានសន្យាកាលអំឡុងពេលឃោសនារកសំឡេងឆ្នោតនោះទេ ផ្នែកខ្លះនៃរដ្ឋាភិបាលរបស់លោក នឹងបន្តបិទទ្វារទៅមុខទៀត ដោយគ្មានថ្ងៃកំណត់៕