នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ផ្ដល់អនុសាសន៍១០ចំណុច ដើម្បីពង្រឹងវិស័យការពារជាតិ

24-01-2019 11:38am

ភ្នំពេញៈ ក្នុងពិធីខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានផ្តល់អនុសាសន៍សំខាន់ៗ១០ចំណុច ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិ ឲ្យកាន់តែមានភាពល្អប្រសើរ។

អនុសាសន៍សំខាន់ៗ ទាំង១០ចំណុច ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិនោះ រួមមាន៖

ទី១- ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួន នូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។

ទី២- ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀត ដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិ/ឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេស រួមគ្នារក្សាសន្តិភាព។

ទី៣- ខិតខំប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ទប់ស្កាត់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។

ទី៤- កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ព។

ទី៥- កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។

ទី៦- គាំទ្រការប្រមូលចំណូលថិវកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ។

ទី៧- ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួន ជាពិសេស ពេលដែលកម្ពុជាមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។

ទី៨- ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារដែលកម្ពុជាមាន ដើម្បីធានាថាអាវុធរបស់កម្ពុជានៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់។

ទី៩- យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជម្រកស្នាក់នៅ ចំណីអាហារ សម្ភារ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេស ត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន។

និងទី១០- កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំណាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទង និងសហប្រតិបត្តិការល្អជាមួយដៃគូរថ្មីៗជាមួយអង្គភាពប្រទេជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗ ជាមួយយកងទ័ព នៃបណ្រាលប្រទេសនានា។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍរីកចម្រើន នៃការងាបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារជាតិ និងរួមការអភិវឌ្ឍសង្គមជាតិផងដែរ។ បច្ចុប្បន្ន កម្ពុជាមានបញ្ជាការដ្ឋានសំខាន់ៗ ដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋាកងទ័ពជើងអាកាស៕