រថយន្តសង្គ្រោះបន្ទាន់ បត់ចូលមន្ទីរពេទ្យរុស្ស៊ី បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ រងរបួសធ្ងន់

22-01-2019 9:24pm

ភ្នំពេញៈ យុវជនចំនួន២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី បត់ចូលមន្ទីរពេទ្យ​ ហើយបុក ។

ហេតុការណ៍នេះបានកើតឡើង​កាល​ពីវេលាម៉ោង​៩និង៤០នាទី​យប់​ ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៩​ ទល់មុខ​មន្ទីរពេទ្យ​ មិត្តភាពខ្មែរ​ សូវៀត​ ផ្លូវ​២៧១​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យដឹងថា​ មុន​ពេលកើតហេតុ​ គេបានឃើញ​ បុរស​២នាក់​ បានជិះម៉ូតូ​ម៉ាក់​ ឌ្រីមសង់​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ ​1BQ-6283 បានធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​ ពី​ត្បូង​ទៅជើង​ ក្នុង​ល្បឿនលឿន​ ខណៈមកដល់​ចំណុច​កើតហេតុ​ មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​សូវៀត​ ក៏ស្រាប់​តែមាន​រថយន្ត​សង្គ្រោះរបស់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ បានធ្វើ​តាមផ្លូវ​២៧១​ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ បាន​បត់​ចូល​ ក្នុង​មន្ទីរ​ពេទ្យ​ ក៏ជ្រុលទៅ​បុកម៉ូតូ​ឌ្រីមសង់​ ដែល​ជិះ​ដោយ​ យុវជន​២នាក់​ ចំពាក់​កណ្តាលពេញ​ទំហឹង​ បណ្តាល​ឲ្យ​​ជនរងគ្រោះ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ ព្រមទាំង​ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​ រងរបួស​ បាក់​ ខ្នង​ជើង​ខាង​ឆ្វេង​ធ្ងន់​ និង​ម្នាក់ទៀត​ដែល​អង្គុយ​ខាងក្រោយ​ រងរបួស​ក្បាល​ជង្គង់​ខាង​ឆ្វេង​ស្រាល​ ម៉ូតូ​រងការខូចខាត​ មួយ​ចំហៀង​ខាងឆ្វេង​ ។

ដោយ​ឡែក​ខាងរថយន្ត​សាមុយ​វិញ​បាន​ បើក​គេច​ចូល​ទៅ​មន្ទីរពេទ្យ​បាត់​ ក្នុង​ហេតុការណ៍នេះដែរ​ បន្តិច​ក្រោយ​មក​ ក៏៏មាន​រថយន្ត​ សាមុយ​របស់​មន្ទីរ​ពេទ្យ​ មួយគ្រឿង​ បាន​ចេញ​មកដឹក​ យក​ជនរងគ្រោះ​ទាំងពីរ​នាក់​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ក្រោយពេល​កើតហេតុ​ គឺ​មាន​តំណាង​ខាង​មន្ទីរពេទ្យ​ បានមក​ សម្រប​សម្រួលគ្នា​ ជាមួយនឹងតំណាង​​ខាង​ម៉ូតូ​ ដោយ​ខាង​មន្ទីរពេទ្យ​ បាន​យល់​ព្រម​ជួយ​ ព្យាបាលរបួស​ឲ្យ​ជា​ ដោយ​មិន​យក​លុយ​ និង​ ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​ម៉ូតូ​ចំនួន​ ១០០​ដុល្លារ​បន្ថែមទៀត ​ដើម្បី​បញ្ចប់រឿង​ ៕