(ខ្សឹប) លោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន អត់ស៊ីត្រកួនទេ ស៊ីលុយឆៅៗហ្មង!

21-01-2019 11:42am

(ខ្សឹប) មន្ត្រីគយជាច្រើននាក់ ក៏ដូចជាមន្ត្រីនៃស្ថាប័នជាច្រើនទៀត ដែលឈរជើងនៅច្រកព្រំដែនបឹងត្រកួន ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួននេះ គឺគាត់ពុំស៊ីត្រកួនដូចឈ្មោះច្រកនេះទេ ពោលគឺលោកមេគយស៊ីលុយឆៅៗហ្មង អត់មានស្លាក់កអីតិចទេ ហើយលុយលោកមេគយរូបនេះ ស៊ីដោយរលូននេះ គឺបានពីការ​ប្រមូល​លុយតាមរយៈការ​ឃុបឃិតបើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធមិន​គ្រប់ ​និង​ទំនិញ​ខុសច្បាប់​ យ៉ាង​ពេញបន្ទុក​តែម្តង ពិសេសទំនិញម៉ូតូអត់ពន្ធ និងគ្រឿងបន្លាស់ រួមនឹងបរិក្ខាផ្សេងៗផងដែរ។

ក្រុមមន្ត្រីខាងលើនេះ បានខ្សឹបប្រាប់នាយ "ក្តាមប្រៃ" ឲ្យបានដឹងបន្ថែមទៀតថា ​កាលពីពីរបីថ្ងៃមុននេះ លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយ និងរដ្ឋាករច្រកបឹងត្រកួន បានបើកឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​គេចពន្ធ​តាម​ច្រក​នេះយ៉ាង​រលូន ដោយមានការឃុបឃិតជាមួយកបក្ខពួកស្និតៗជាមួយគាត់ និងជានាក់ ប្រមូលលុយឲ្យលោក ញឹក ប៊ុន​លេខ ដាក់​ហោប៉ៅ ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនស៊ីចាយស្រីញីអូនបង តាម​អំពើ​ចិត្ត មានទាំងសាច់ព្រៃ និងសាច់ស្រស់ អត់ស៊ីត្រកួនដូចឈ្មោះច្រកនោះទេ។

ប្រភពខាងលើ បាន​ខ្សឹបប្រាប់ឲ្យ​នាយ "ក្តាមប្រៃ" ដឹងបន្ថែមថា មួយរយៈ​ចុងក្រោយ​នេះ ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធកាន់តែ​ច្រើនឡើងៗ ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ អ្នកស៊ីឈ្នួល​បើកបរ​ម៉ូតូ​ពី​ទឹកដី​ថៃ ​ចូល​ទឹកដី​ខ្មែរ ទទួលបាន​លុយ​៥០០​បាត(លុយថៃ)​ សម្រាប់​ម៉ូតូ​មួយគ្រឿង ដោយ​ពួកគេ​បើក​ចូល​តាម​ច្រក​បឹង​ត្រកួន ឆ្ពោះទៅកាន់​ក្នុងស្រុក​ថ្មពួក និង​ចូលទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់​ចែកចាយតាម​ហាង​លក់​ម៉ូតូ​។

បើតាមក្រុមឈ្មួញ​ ដែល​នាំចូល​ម៉ូតូ​គេចពន្ធ​តាម​ច្រក​តំបន់​បឹង​ត្រកួន បានលួចខ្សឹប​ឲ្យ​នាយ "ក្តាមប្រៃ" បានដឹងដែរថា ពួកគេ​បង់លុយ​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាចនាំម៉ូតូគេចពន្ធ និងទំនិញផ្សេងៗទៀត ចូលមកបាន ដោយមិនបាច់បង់ចូលជាពន្ធអារកគយនោះទេ គឺបង់ចូលហោប៉ៅពួកគាត់ជាការស្រេចហ្មង ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​ ព្រោះលោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ ក៏ដូចជា​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រំភើយ!​។

សមត្ថកិច្ចនៃស្ថាប័នផ្សេងៗ ក៏ដូចប្រជាពលរដ្ឋដែរ បានសំណូមពរដល់​លោក គុណ ញឹម អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា សូមជួយចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុកបណ្តោយបែបនេះ ចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារ ហើយថវិកានោះ ត្រូវធ្លាក់ចូលប៉ៅលោក ញឹក ប៊ុនលេខ និងបក្ខពួក។

រឿងរ៉ាវពាក់ព័ន្ធករណីនេះ នាយក្តាមប្រៃ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បាននៅឡើយទេ។ តែទោះជាយ៉ាងណា នាយក្តាមប្រៃយើង រង់ចាំការបំភ្លឺពីលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន គ្រប់ពេលនៃម៉ោងធ្វើការ៕