ស្ដែងណាស់! CAMRY​ បោះពួយបំពានស្តុបក្រហម ទៅបុក CRV បើកឆ្លងកាត់លាន់ដូចរន្ទះ នៅផ្លូវម៉ៅសេទុង

19-01-2019 9:22am

ភ្នំពេញៈ រថយន្ត CRV មួយគ្រឿង បើកឆ្លងស្តុប​ ខណៈដែលភ្លើងស្តុបពណ៌ខៀវ​ ត្រូវបុរសនារី២នាក់ បើករថយន្ត​ CAMRY LE មួយគ្រឿងទៀត​ ក្នុងល្បឿនយ៉ាងលឿន​ដូចហោះ​ មិនគោរពភ្លើងស្តុបក្រហមហើយ​នៅបំពាន​ ក៏ជ្រុលទៅបុក​ចំពីមុខ​រថយន្ត CRV បណ្ដាលឲ្យរថយន្ត CAMRY រេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកផ្លូវ​ ប៉ើងខ្ទាតជិត១០ម៉ែត្រ​ ចំណែករថយន្តបុកផ្ទប់ជាប់ទ្រូងផ្លូវ​​ និងរថយន្ត CRV ខ្ទេចរថយន្តកំណាត់មុខ​ កាលពីវេលាម៉ោង១២៖៣៥នាទី​រំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៩​ ខែមករា​ ឆ្នាំ២០១៩​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្ថិតលើកំណាត់ផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩​ ក្នុងសង្កាត់ទួលស្វាយព្រៃ​១ ខណ្ឌចំការមន​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ភ្នាក់ងារ​ CAM POST​ ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្ត CRV មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AC-5187 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរពីជើងទៅត្បូង​ តាមបណ្ដោយ​ផ្លូវ១៩៩ ខណៈមកដល់ចំណុចកែងផ្លូវម៉ៅសេទុង រថយន្តក៏បន្តបើកទៅមុខទៀត ព្រោះភ្លើងស្តុបលោតពណ៌ខៀវ ស្រាប់តែមានបុរសនារី២នាក់ បើករថយន្ត​មួយគ្រឿងទៀត ម៉ាក CAMRY LE ពណ៌ទឹកមាស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2R-2202 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ពីកើតមកលិច​ ក្នុងល្បឿនយ៉ាងលឿន​ដូចហោះ​ ក៏ជ្រុលបុក​បញ្ជិតពីមុខ​រថយន្ត CRV ធ្វើឲ្យរថយន្ត CAMRY រេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកផ្លូវ​ ប៉ើងខ្ទាតជិត១០ម៉ែត្រ​ ចំណែកឯរថយន្តបុកផ្ទប់ជាប់ទ្រូងផ្លូវ​ និងរថយន្ត CRV ខ្ទេចកំណាត់មុខ​ តែក្នុងគ្រោះថ្នាក់នេះពិតជាសំណាងល្អមែន​ ដែលអ្នកបើកបរ និងអ្នករួមដំណើរ មិនមានអ្នកណារងរបួស គ្រាន់តែខូចខាតខ្ទេចរថយន្តស្ទើទាំងស្រុងប៉ុណ្ណោះ​។

សាក្សីបន្តថា ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្ត CAMRY បើកទ្វារចេញមក​ រួចប្រញាប់ប្រញាល់ដើរគេចចេញពីកន្លែងកើតហេតុ​។

ក្រោយកើតហេតុ​ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាល​ទួលស្វាយព្រៃ​១ បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ចុះមកពិនិត្យមើលជាក់ស្ដែង​ រួចរាយការណ៍ប្រាប់ខាងសមត្ថកិច្ចជំនាញ​ ចុះមកវាស់វែង​ រួចស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំធ្វើការដោះស្រាយ​គ្នាពេលក្រោយ​ រួមទាំងសងការខូចខាតរបាំងថ្មដែលជាសម្បត្តិសាធារណៈ ដែលរៀបចំមន្ទីរសាធារណៈការរាជធានីភ្នំពេញផងដែរ៕​