លិខិតមិត្តអ្នកអាន៖ តើអ្នកណាប្រឆាំងនឹងផលប្រយោជន៍ជាតិ ប្រយោជន៍កសិករ និងកម្មករខ្មែរ?

19-01-2019 3:59am

ពេលនេះ ទឹកកាន់តែថ្លា មើលឃើញត្រី កាន់តែច្បាស់ហើយ។ ប៉ុន្មានថ្ងៃនេះ ក្រុមអ្នកបម្រើនយោបាយបរទេស និងធ្វើជាកូនជឹងបរទេស កំពុងនាំគ្នាត្រេកត្រអាលយ៉ាងខ្លាំង ពេលឮថា បរទេសដាក់ទណ្ឌកម្មមកលើប្រទេស និងប្រជាជនរបស់ខ្លួន។ ទាំងមេខ្លោងឈ្មោះ សម រង្ស៊ី និងទាំងគូកន បានបញ្ចេញស្នែង សម្ញែងឫក ទះដៃអបអរ ពេលឃើញសហភាពអឺរ៉ុប សម្រេចយកពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា។

តាមពិត រឿងអឺរ៉ុប យកពន្ធអង្ករនេះ ជារឿងពាណិជ្ជកម្មសុទ្ធសាធមិនពាក់ព័ន្ធរឿងនយោបាយទេ ពោល គឺអឺរ៉ុប សម្រេចបែបនេះ តាមសំណើរបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដើម្បីទប់ស្កាត់ការនាំអង្ករចូលពីក្រៅ ពីព្រោះតែវាធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអង្កររបស់ប្រទេសមួយចំនួន ដែលជាសមាជិកសហភាពអឺរ៉ុបតែប៉ុណ្ណោះ។ ហើយបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតវ៉ាតាមផ្លូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

ប៉ុន្តែក្រុមក្បត់ប្រយោជន៍ជាតិខ្លួនឯង ខិតខំបង្វែរសាច់រឿង ហើយទាញចូលជារឿងនយោបាយ ហើយពួកគេនាំគ្នាត្រេកត្រអាលយ៉ាងខ្លាំង នៅពេលឃើញកសិផល ដែលជាញើសឈាមរបស់កសិករខ្មែរ ជួបបញ្ហា។

ការដែលរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន ខិតខំជំរុញឲ្យកសិករបង្កើនទិន្នផលស្រូវ និងការស្វះស្វែងរកទីផ្សារក្នុងពិភពលោក ដើម្បីលក់អង្ករចេញក្រៅ ក៏ព្រោះតែចង់បង្កើនជីវភាពរបស់កសិករតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ពួកប្រឆាំងដែលមាន សម រង្ស៊ី ជាមេខ្លោង បែរជាកំពុងនាំគ្នាទះដៃអបអរ ពេលឃើញផលិតផលរបស់កសិករ ជួបនឹងបញ្ហាទីផ្សារ។

នេះហើយជាការបង្ហាញច្បាស់អំពីចរិតពួកអ្នកប្រឆាំងប្រយោជន៍ជាតិ ប្រយោជន៍កសិករខ្មែរ ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយបរទេស។ ម្យ៉ាងទៀត ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ក៏កំពុងបន់ស្រន់ និងត្រៀមអបអរដែរ ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងអាវុធហៅកាត់ថា EBA។

យើងក៏គួរយល់ឲ្យបានច្បាស់ដែរថា ប្រសិនបើមានការសម្រេចផ្តាច់ EBA មែន នោះនីតិវិធីដើម្បីឈានទៅអនុវត្តការសម្រេចនេះ ត្រូវមានរយៈពេល១៨ខែទៀតឯណោះ។

ដូច្នេះផលអវិជ្ជមាន មិនអាចមានភ្លាមៗនោះទេ ហើយម៉្យាងវិញទៀត នៅពេលអនុវត្តអាចមានផលប៉ះពាល់ខ្លះៗ ដល់វិស័យកាត់ដេរស្បែកជើងកម្ពុជា ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ ព្រោះតាមប្រភពព័ត៌មានផ្ទៃក្នុងរដ្ឋាភិបាល លោក ហ៊ុន សែន បានលួចបង្ហើបឲ្យដឹងអំពី «ការត្រៀមជើងព្រួលរួចហើយ ទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ រាប់បញ្ចូលទាំងកង់សឺគួរ ដើម្បីធ្វើការកាត់បន្ថយឲ្យនៅកម្រិតអប្បរិមានូវផលប៉ះពាល់នេះ»។

ទោះយ៉ាងណាក៏ដោយ ការត្រេកត្រអាលរបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាការចំអកឡកឡឺយដល់កម្មករ និងកម្មការិនីរាប់សែននាក់ ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលពួកប្រឆាំងតែងអួតថា យកចិត្តទុកដាក់ តែតាមពិតពួកគេត្រេកអរណាស់បើកម្មករកម្មការិនីបាត់បង់ការងារនោះ។

ជាការពិតណាស់ តាំងពីដើមរហូតមក ក្រុមប្រឆាំងប្រយោជន៍ជាតិ តែងតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យជាតិរលំរលាយឲ្យកសិករ និងកម្មករអត់ការងារធ្វើ និងអត់ទីផ្សារលក់ផលិតផលរបស់ពួកគេ។ គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ី គឺការចង់ឃើញប្រទេសជាតិធ្លាក់ដុនដានញាំញីដោយសង្គ្រាមវឹកវរ, ប្រជាពលរដ្ឋអត់បាយក្រហាយទឹក។ នោះហើយជាសុភមង្គលរបស់ពួកគេ ពីព្រោះប្រសិនបើកើតមានស្ថានភាពបែបនេះមែន ក្រុមជ្រុលនិយមទាំងនោះគិតរំពឹងថា ខ្លួនអាចមានឱកាសដណ្តើមអំណាចបានដោយមធ្យោបាយក្រៅការបោះឆ្នោតតាមរយៈការបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់ខ្ពើមរដ្ឋាភិបាល។

ម្យ៉ាងទៀត ពួកគេក៏រំពឹងថា អាចជួយធ្វើឲ្យចៅហ្វាយនាយបរទេស សម្រេចបំណងយកកម្ពុជា ធ្វើជារណបនៃភូមិសាស្ត្រនយោបាយបានផងដែរ។ ហេតុដូច្នេះហើយបានជាពួកគេតែងធ្វើសកម្មភាពគ្រប់យ៉ាង ប្រឆាំងនឹងផលប្រយោជន៍ជាតិ, ប្រឆាំងប្រយោជន៍កសិករ និងកម្មករ។

ឥឡូវនេះ ស្ថានភាពប្រៀបបីដូចជាទឹកកំពុងរងថ្លា ដែលធ្វើឲ្យយើងមើលឃើញត្រីក្នុងបឹងកាន់តែច្បាស់។ យ៉ាងណាមិញ ពួកប្រឆាំងប្រយោជន៍ជាតិ កំពុងបញ្ចេញក្រឡាសឲ្យយើងបានឃើញកាន់តែច្បាស់ហើយថា ពួកគេសប្បាយរីករាយនឹងទឹកភ្នែករបស់កម្មករ និងកសិករខ្មែរ។ ប៉ុន្តែពួកប្រឆាំងជ្រុលនិយម ដែលមាន សម រង្ស៊ី ជាមេខ្លោង កំពុងយល់ច្រឡំធំណាស់៖

ទី១៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជា ពេលនេះ បានធ្វើដំណើរយ៉ាងវែងឆ្ងាយ ហើយចេញពីអតីតកាលដែលកម្ពុជា ធ្លាប់រងការឈឺចាប់ខ្លាំងជាងនេះរាប់ម៉ឺនដង។ ដូច្នេះ ដំណាក់កាលនេះ មិនអាចបរទេសណាមួយ មកធ្វើព្យុះភ្លៀងដល់កម្ពុជា បានទៀតឡើយ។

ទី២៖ ពួកគេប្រហែលភ្លេចហើយថា កម្ពុជា ពេលនេះ មានបុរសខ្លាំង ដែលជាមេដឹកនាំ មានបទពិសោធន៍គ្រប់គ្រាន់ និងកំពុងឈរយ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាពជាតិ និងការពារប្រជាពលរដ្ឋទូទាំងនគរ មិនឲ្យធ្លាក់ដុនដាបដូចពួកជ្រុលនិយមចង់បានឡើយ។

ទី៣៖ ពួកគេប្រហែលភ្លេចហើយថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកពហុប៉ូល ដែលមិនចំណុះឲ្យតែពួកបស្ចឹមប្រទេស ដូចកាលពីមុនទៀតឡើយ។ មានប៉ូលច្រើនណាស់ ដែលកម្ពុជា អាចពឹងពាក់បាន ដោយមិនលំបាកឡើយ ដោយរក្សាបាននូវអធិបតេយ្យភាពជាតិរបស់ខ្លួន។

ទី៤៖ ពួកជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ក៏ប្រហែលគិតមិនដល់ទេថា កម្ពុជា ពេលនេះ ជាកូនក្រមុំដ៏ស្រស់ស្អាត ដែលមានកន្លង់ច្រើនណាស់ចោមរោមសុំស្នេហ៍។ អត់ពីប្រុសព្រានម្នាក់ពីរ ក៏កូនក្រមុំកម្ពុជា នៅមានបុរសល្អៗជាច្រើនទៀត រង់ចាំថ្នាក់ថ្នម ថែរក្សា។

ទី៥៖ ពួកជ្រុលនិយម ក៏ទំនងជាភ្លេចហើយថា បច្ចុប្បន្នកម្ពុជា មានខឿនសេដ្ឋកិច្ចរឹងមាំច្រើនផ្នែក ច្រើនវិស័យគួរសម ដែលអាចទ្រទ្រង់ប្រជាពលរដ្ឋទូទាំងប្រទេសបានដោយមិនលំបាក ខណៈដែលមិត្តភ័ក្តិបរទេសជាច្រើន ក៏កំពុងសហការផង និងចាំជួយផងដែរ។

សរុបទៅ ពេលនេះ គេអាចមើលឃើញច្បាស់ហើយថា អ្នកណាជាអ្នកការពារប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ ហើយអ្នកណាដែលតែងតែប្រឆាំងនឹងប្រយោជន៍ជាតិ និងប្រជាជន? បើមើលឃើញច្បាស់បែបនេះហើយ តើប្រជាជាតិខ្មែរ គួរចាត់ការពួកដង្កូវសង្គមនេះបែបណា? សូមប្រជាពលរដ្ឋខ្មែរ ជឿជាក់ចុះថា កម្ពុជា អាចឈរបានយ៉ាងរឹងមាំ និងដាច់ខាតមិនអាចធ្លាក់ដុនដាបដូចអតីតកាលឡើយ ដរាបណាកម្ពុជា នៅមានមេដឹកនាំដ៏ខ្លាំងពូកែម្នាក់ ឈរចាំពាំងការពារយ៉ាងរឹងមាំ។

កម្ពុជា ក៏នៅមានមិត្តភ័ក្តិបរទេសជាច្រើន កំពុងរង់ចាំជួយគ្រប់បែបយ៉ាង ដោយមិនហុតទឹកសម្លឹងកាក ដូចបរទេសមួយចំនួនឡើយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យជឿនលឿនទៅមុខ ក្រោមម្លប់សុខសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ។

យើងនាំគ្នារង់ចាំមើល តើពួកប្រឆាំងប្រយោជន៍ជាតិ ពួកដង្កូវស៊ីបំផ្លាញស្រូវកសិករ និងពួកកណ្តុរ ដែលចាំតែកកេរបំផ្លាញផលិតផលសម្លៀកបំពាក់កម្មករមានកន្លែងជ្រកដែរឬទេ ពេលកម្ពុជា ឈររឹងមាំបាន ដោយកម្លាំងខ្លួនឯង ហើយបរទេសជាចៅហ្វាយនាយអស់ទឹកមាត់ប្រៃមកតថ្លៃជាមួយរដ្ឋាភិបាលកម្ពុជា តទៅទៀតនោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ