រដ្ឋមន្ត្រីមហាផ្ទៃថា បើគ្មានវិធានការទប់ស្កាត់ ឆ្នាំ២០២០ អ្នកស្លាប់នឹងកើនជាង៣ពាន់នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

18-01-2019 9:14pm

ភ្នំពេញៈ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានថា បើគ្មានវិធានការទប់ស្កាត់មានប្រសិទ្ធភាពទេ គ្រោះថ្នាក់ចរាចរណ៍កម្ពុជា នៅឆ្នាំ២០២០ នឹងធ្វើឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់៣.២០០នាក់ ។

ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៩ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា តាមរបាយការណ៍ស្ថានភាពពិភពលោក ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានជាប់ចំណាត់ថ្នាក់ទី៩ នៃគ្រោះថ្នាក់សង្គមដោយបានសម្លាប់មនុស្សប្រមាណ១.២៥០.០០០ នាក់ និងរងរបួសប្រមាណ៥០លាននាក់ ព្រមទាំងមានការខាត់បង់សេដ្ឋកិច្ចអស់ជាច្រើន ជារៀងរាល់ឆ្នាំទូទាំងពិភពលោក។

សម្ដេចបន្តថា “ដោយឡែក នៅកម្ពុជាយើង តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៣.២០០នាក់ នាឆ្នាំ២០២០ខាងមុខនេះ”

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងទៀត ដើម្បីបន្តការងាររបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ ឲ្យសម្រេចបានល្អប្រសើរថែមទៀត សម្ដេចក៏បានស្នើថ្នាក់ដឹកនាំជាតិ និងថ្នាក់រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមទិសដៅ ដែលបានដាក់ចេញក្នុងរបាយការណ៍ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយនិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្ត ទទួលខុសត្រូវខ្ពស់។

សម្ដេចក៏បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យមាននិរន្តភាព ប្រសិទ្ធភាព ព្រមទាំងត្រូវត្រួតពិនិត្យ មន្ត្រីរាជការកងកម្លាំង និស្សិត សិស្ស និយោជក និយោជិក ក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌.

សម្ដេចក៏បានជំរុញថែមទៀតនូវការធ្វើវិស្វកម្មផ្លូវថ្នល់ឲ្យបានសមស្របទៅនឹងកំណើនយានយន្ត និងធានានិយាមសុវត្ថិភាព។ ជំរុញឲ្យបានជោគជ័យនូវការដឹកជញ្ជូនអ្នកដំណើរដោយមធ្យោបាយសាធារណៈ រថយន្តក្រុង និងជំរុញលើកទឹកចិត្តការដឹកជញ្ជូនតាមបណ្ដាញផ្លូវដែក និងផ្លូវទឹក ដើម្បីរំលែកបន្ទុកនៃការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕