អ្នកបកប្រែចិន បញ្ឈប់ការងារកម្មការិនីមានផ្ទៃពោះ៨ខែ ដោយគ្មានហេតុផល និងមិនបើកប្រាក់អតីតភាព សំណូមពរដល់សម្ដេចជួយ

18-01-2019 8:49pm

កំពង់ស្ពឺៈ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ "អរៀន អិនធើណេសិនណល អេនធើប្រាយ ខេមបូឌា ហ្គាមិន" (Orent International Enterprise (Cambodia) Garment Co.,Ltd) ម្នាក់ធ្វើការងារនៅផ្នែកដេរ ជាស្ត្រីប្តីលែង មានកូនស្រីអាយុ០៣ឆ្នាំ នៅក្នុងបន្ទុក មានទាំងផ្ទៃពោះចំនួន៨ខែថែមទៀតផង គ្មានផ្ទះសម្បែង គ្មានឪពុកម្តាយ ស្នាក់នៅជាមួយម្តាយមីង ចៃដន្យ អាក្រក់គ្រាន់តែនាងមានអការឈឺក្បាល ហើយឈប់តែមួយល្ងាចប៉ុណ្ណោះ ស្រាប់តែ អ្នកបកប្រែភាសាចិនបានបញ្ឈប់នាងដោយឥតលក្ខខណ្ឌ ថែមទាំងមិនគិតថ្លៃអតីតភាពការងារ ដែលនាងបានចូលធ្វើការជាង១ឆ្នាំមកហើយនោះ ស្ត្រីអភ័ព្វខាងលើសំណូមពរដល់លោកប្រធានមន្ទីរការងារ រដ្ឋមន្ត្រីក្រសួងការងារ និងជាពិសេសនោះ គឺសម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ក្រុមកម្មករ កម្មការិនីរោងចក្រ ជាពិសេសអ្នកមានផ្ទៃពោះតែម្តង សូមឲ្យសម្តេចជួយរកយុត្តិធម៌ដល់នាងផង ។

ស្ត្រីអភ័ព្វមានឈ្មោះ ញាណ ម៉ី អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ អរៀន ធ្វើការងារនៅផ្នែកដេរ ចូលបម្រើការងារអំឡុងខែ១០ ឆ្នាំ២០១៧ មកម្ល៉េះ ហើយសព្វថ្ងៃនាងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ និងមានផ្ទៃពោះចំនួន៨ខែ ហើយគ្មានឪពុកម្តាយឡើយ (ជាកូនកំព្រារ) ត្រូវប្តីហេងស៊យបោះបង់ចោលទៀត លួចទៅមានស្រីថ្មី ហើយអ្វី ដែលហួសចិត្តនោះ គឺនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅនោះ នាងមានអការខ្សោយ ឈឺក្បាលទៅធ្វើការងារក្នុងរោងចក្រមិនបាន ផ្តាំអ្នកធ្វើការជាមួយប្រាប់ទៅប្រធាន និងជាអ្នកបកប្រែភាសាចិនផងនោះ ឈ្មោះ មា វិន អាយុជាង៣០ឆ្នាំដែរ ។

ប្រភពបានបន្តទៀតថា ស្រាប់តែនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ នាងបានចូលទៅធ្វើការងារក្នុងរោងចក្រកន្លែងដដែល ស្រាប់តែឈ្មោះ មា វិន ជាប្រធាន និងជាអ្នកបកប្រែភាសាចិននោះ បាននិយាយមកកាន់នាងថា «អញ ឈប់ឲ្យ ង៉ែងធ្វើការងារហើយ» ពេលនោះបានដកកាតសម្គាល់ខ្លួនរបស់នាង ថែមទាំងមិនបើកប្រាក់អតីតភាពការងារឲ្យនាង ដែលនាងបានបំពេញការងារជាង១ឆ្នាំមកហើយនោះ បើទោះបីជាក្រុមកម្មករ កម្មការិនី និងរដ្ឋបាលឲ្យនាងធ្វើការងារដូចធម្មតាវិញ ក៏ឈ្មោះ មា វិន នោះមិនឲ្យនាងធ្វើការ និងបើកលុយអតីតភាពការងារឲ្យនាងឡើយ ដូច្នេះនាងមានតែលើកម្រាមដៃដប់សំពះអង្វរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយដោះស្រាយរកយុត្តិធម៌ដល់នាងផង នាងគ្មានឪពុកម្តាយ ប្តី ក៏មានស្រីទៅចោលនាងទៀត មានកូនតូចអាយុ០៣ឆ្នាំ ថែមទាំងមានផ្ទៃពោះចំនួន៨ខែជិតសម្រាលទៅហើយ ខ្វះលុយកាក់ រស់នៅជាមួយម្តាយមីងនៅលើផ្លូវរទេះភ្លើងថែមទៀតផង នាងសង្ឃឹមលើរដ្ឋមន្ត្រីក្រសួងការងារ និងសម្តេច និងជួយដល់នាងផង ។

ពាក់ព័ន្ធនឹងការកើតរឿងបញ្ឈប់កម្មការិនីមានផ្ទៃពោះចំនួន៨ខែនេះ ដែរ អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីឈ្មោះ មា វិន អ្នកបកប្រែភាសាចិន ដែលបញ្ឈប់នាងបានទេ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនងនោះទេ ។

ចំណែកលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តលោកបានឲ្យដឹងតាមទូរសព្ទ័ថា លោកមិនបានដឹងរឿងនេះនោះទេ ចាំមើលលោកចាត់មន្ត្រីចុះពិនិត្យសិន ៕