កម្ពុជា កំពុងស្វែងរកទីផ្សារថ្មី ក្រៅពីពឹងផ្អែកលើអឺរ៉ុប ក្នុងការនាំចេញអង្ករ

18-01-2019 7:59pm

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បានអះអាងថា​ រាជរដ្ឋាភិបាល​ កំពុងស្វែងរកទីផ្សារថ្មី ក្រៅពីពឹងផ្អែកលើអឺរ៉ុប ក្នុងនាំចេញអង្ករ​ បន្ទាប់ពីសហភាពអឺរ៉ុប បានកំណត់យកពន្ធរយៈពេល៣ឆ្នាំ ក្នុងការនាំចញអង្ករកម្ពុជា ចូលទីផ្សារសហភាពអឺរ៉ុបនោះ ។

ក្នុងសន្និសីទសារព័ត៌មានជុំវិញការយកពន្ធលើការនាំចេញអង្កររបស់កម្ពុជា ពីអឺរ៉ុប​ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ មានប្រសាសន៍ថា​ កម្ពុជា ត្រូវស្វែងរកទីផ្សារថ្មីក្រៅពីពឹងផ្អែកលើអឺរ៉ុប រួមទាំងពង្រឹង និងពង្រីងទីផ្សារ ដែលមានស្រាប់ ដូចជាទីផ្សារប្រទេសចិន ដែលផ្តល់កូតាដល់កម្ពុជា ចំនួន៣០ម៉ឺនតោនក្នុង១ឆ្នាំ តែឆ្នាំ២០១៨ កម្ពុជា នាំចេញបានតែប្រមាណ១៧ម៉ឺនតោនប៉ុណ្ណោះ និងទីផ្សារផ្សេងៗទៀត ។

ប៉ុន្តែ​ទោះបីជាមានបញ្ហាមួយចំនួនកើតឡើងក៏ដោយ​ ការដាក់ពន្ធលើការនាំចេញអង្ករកម្ពុជានេះ មានបច្ច័យល្អផង និងបច្ច័យមិនល្អផងដែរ ។

ដោយបច្ច័យមិនល្អ នឹងធ្វើឲ្យកម្ពុជា ខាតបង់ប្រាក់ប្រហែលជា៥០លានដុល្លារ​ ហើយអាចនឹងធ្វើឲ្យតម្លៃស្រូវអង្កររបស់កសិករធ្លាក់ចុះជាងមុន នៅពេលអ្នកនាំចេញ ត្រូវដំឡើងថ្លៃទប់ទល់នឹងបញ្ហាពន្ធនេះ ។

ប​ច្ច័យល្អ គឺកម្ពុជា អាចធ្វើកំណែទម្រង់បានលឿន ដោយមិនរង់ចាំយូរ ដែលនាំឲ្យកម្ពុជា មានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយមិនពឹងផ្អែកលើការអនុគ្រោះពន្ធ ។ កំណែទម្រង់ ដែលត្រូវដាក់ចេញ រួមមាន ការកាត់បន្ថយថ្លៃដើមសម្រាប់អ្នកនាំចេញ និងកសិករ ដោយបន្ថយភាពស្មុគស្មាញ និងការចំណាយផ្នែករដ្ឋបាលទាំងផ្លូវការ និងមិនផ្លូវការ, បញ្ចុះថ្លៃការដឹកជញ្ជូន, បញ្ចុះថ្លៃអគ្គិសនី និងការលើកលែងពន្ធមួយចំនួន រួមទាំងកាត់បន្ថយចំណាយទៅលើពូជ ជី ថ្នាំ កសិកម្មរបស់កសិករជាដើម ។

លោកបញ្ជាក់ថា កិច្ចការនេះ មិនមែនជាកិច្ចការធំខ្លាំង រហូតដល់មានការភ្ញាក់ផ្អើលទូទាំងប្រទេសថា វិធានការការពាររបស់សហគមន៍អឺរ៉ុបនេះ ជាវិធានការមួយមានគោលដៅនយោបាយ ឬក៏អ្វីផ្សេង គឺអត់មាននោះទេ ព្រោះវិធានការនេះ មានប្រទេសមួយចំនួនធំនៅក្នុងពិភពលោក ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏អឺរ៉ុបធ្លាប់ប្រើផងដែរ ស្របតាមកិច្ចព្រមព្រៀង និងច្បាប់ជាតិរបស់ពួកគេ ដើម្បីការពារនូវផលប្រយោជន៍ នៃឧស្សាហកម្មក្នុងស្រុក» ។

លោកបានថ្លែងទៀតថា «វិធានការនេះ គេដំឡើងពន្ធពីលើពន្ធ ដែលយើងកំពុងតែចូលធរមាន ។ ឧទាហរណ៍ថា បើយើងនាំចេញអង្ករទៅអឺរ៉ុប ហើយពន្ធយើងនាំចេញទៅក្នុង១០០ដុល្លារ ក្នុង១តោន គេដាក់វិធានការការពារនេះ គឺបូកលើពន្ធដែលមានស្រាប់ តែនៅក្រោមប្រព័ន្ធ EBA ពន្ធរបស់យើង គឺស្មើសូន្យ ។ អីចឹងគេបូកថែមលើពន្ធសូន្យនេះ ។ ដូច្នេះវិធានការនេះមិនមែន EBA ទេ»

លោកបានចាត់ទុកថា ការដាក់ពន្ធនេះ គឺអឺរ៉ុប បានបង្កើនពន្ធគយរបស់គេរហូតដល់១២ខ្ទង់ ដើម្បីទាញអង្ករកម្ពុជា ចូលទៅក្នុងប្រភេទដែលដូចទៅនឹងប្រភេទអង្កររបស់អ៊ីតាលី ដូច្នេះអឺរ៉ុបបានយកបច្ចេកទេសទៅបំភ័ន្ត តាមរយៈបញ្ញត្តិក្នុងស្រុករបស់ពួកគេ ។

លោកបានបញ្ជាក់ថា​ ការដាក់ពន្ធលើអង្ករកម្ពុជាពីអឺរ៉ុបនេះ​ មិនពាក់ព័ន្ធបញ្ហានយោបាយ និង EBA នោះទេ ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន ។

សហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា នៅឆ្នាំ២០១៨ កម្ពុជា នាំចេញអង្ករទៅអឺរ៉ុប ជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់ ចំនួន៦២ម៉ឺនតោន៕