កាណូត២គ្រឿង បុកគ្នា ស្លាប់មនុស្សម្នាក់ នៅកំពង់ឆ្នាំង

18-01-2019 7:44pm

កំពង់ឆ្នាំង: មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងកាណូត២គ្រឿង បុកគ្នានៅក្នុងទន្លេ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចកោះកញ្ឆា ស្ថិតក្នុង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ប៉ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ាន់ សេងហៀង មានកូន៣នាក់នៅក្នុងបន្ទុក ។ ដោយឡែកអ្នកបង្កមានឈ្មោះ ប៉ែកប៉ា អាយុ២៦ឆ្នាំ្ន ទាំង២នាក់ ជាបងប្អូនបង្កើតស្នាក់នៅរោងរកស៊ីនេសាទត្រីជាមួយគ្នា ។

ប្រភពពីសមត្ថកិច្ចបានឲ្យបន្ថែមទៀតថា នៅមុនពេលកើតហេតុ ប្អូនជនរងគ្រោះបានចេញកាណូតស្មាចទៅមុនដើម្បីសារមង តែមួយសន្ទុះក្រោយមកប្អូនជនរងគ្រោះបានត្រឡប់មកក្នុងរោងវិញផ្លាស់ប្តូរសម្លៀកបំពាក់ រួចបើកកាណូតចេញទៅលក់ត្រី ឯផ្សារពេលមកដល់ចំណុចកើតហេតុខាងលើបាំងព្រៃ មើលមិនឃើញ បានបុក នឹងកាណូតជនរងគ្រោះចំពីមុខបណ្តាលឲ្យជនរងគ្រោះ ធ្លាក់ទឹកត្រូវស្លាបចាក់កាប់ត្រូវចំក្បាលស្លាប់ភ្លាម ។

បច្ចុប្បន្នជនបង្កជាប្អូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងឯកសារបញ្ជូនបន្តតាមនីតិវិធីផងដែរ ។

ក្រោយការពិនិត្យសាកសព រួចរាល់ត្រូវបានប្រគល់ឲ្យគ្រួសារសពរដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។

គួរបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបានកើតឡើងស្ទើររាល់ឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសផងដែរ ៕