ស្លាប់ និងរបួស៦០នាក់ ដោយការវាយប្រហារ គ្រាប់បែកបង្កៃក្នុងរថយន្ត នៅកូឡំប៊ី

18-01-2019 10:02am

កូឡំប៊ីៈ យ៉ាងហោចណាស ក៏មានមនុស្សស្លាប់ និងរបួស៦០នាក់ នៅក្នុងការវាយប្រហារភេរវកម្មដោយគ្រាប់បែកបង្កៃក្នុងរថយន្តអត្តឃាត ទៅលើទីតាំងហ្វឹកហាត់កម្លាំងប៉ូលិសកូឡំប៊ី។ នេះជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១ ក្រោយពេលប្រទេសនេះ ទទួលបានសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល កាលពីឆ្នាំ២០១៦។

ការវាយប្រហារនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិស ស្ថិតនៅទីក្រុង Bogota ប្រទេសកូឡាំប៊ី កាលពីថ្ងៃទី១៧ ខែមករា សម្លាប់មនុស្ស១០នាក់ និងរបួសជាង៥០នាក់។

មន្ត្រីទីក្រុង Bogota បានបញ្ជាក់ថា រថយន្តបានបើកបំបុកឆ្លងកាត់ទីតាំងត្រួតពិនិត្យនៅក្លោងទ្វារចូល រួចបំផ្ទុះគ្រាប់បែកដែលបង្កៃក្នុងរថយន្តតែម្តង។ នេះជាការវាយប្រហារភេរវកម្មបង្ហូរឈាមទ្រង់ទ្រាយធំបំផុត នៅទីក្រុង Bogota ចាប់តាំងពីរដ្ឋាភិបាលកូឡំប៊ី បានព្រមព្រៀងសន្តិភាព កាលពីឆ្នាំ២០១៦ ជាមួយក្រុម FARC។

លោក Ivan Duque ប្រធានាធិបតីកូឡំប៊ី បានចាត់ទុកការវាយប្រហារភេរវកម្មខាងលើ គឺជាសកម្មភាពព្រៃផ្សៃបំផុត។ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់កម្លាំងប៉ូលិស ទាហាន ស្វែងរកអ្នកនៅពីក្រោយការវាយប្រហារនោះ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ប្រធានាធិបតី Duque បានលើកឡើងនៅក្នុងសន្និសីទកាសែតនៅសាលាប៉ូលិស ស្ថិតនៅភាគខាងត្បូងប្រទេសកូឡំប៊ី ថា «ពលរដ្ឋកូឡាប៊ី មិនដែលចុះចាញ់ចំពោះសកម្មភាពវាយប្រហាររបស់ក្រុមភេរវកម្មនោះឡើយ យើងនឹងយកឈ្នះទៅលើពួកភេរវកម្ម»

អ្នកបើកបររថយន្តវាយប្រហារខាងលើ មានឈ្មោះ Jose Aldemar Rojas Rodriguez បានស្លាប់នៅក្នុងការវាយប្រហាររថយន្តអត្តឃាតខាងលើ។ រថយន្តដែលវាយប្រហារខាងលើ ជាប្រភេទរថយន្ត Nissan ពណ៌ប្រផេះ ហើយផ្ទុករំសេវផ្ទុះប្រមាណ៨០គីឡូក្រាម។

សូមជម្រាបថា សង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះ អូសបន្លាយរយៈពេល៥២ឆ្នាំ នៅក្នុងប្រទេសនេះ សម្លាប់មនុស្ស២៦០ពាន់នាក់ និងរាប់លាននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ សង្គ្រាមស៊ីវិលនោះ បានបញ្ជប់ដោយសន្ធិសញ្ញាសន្តិភាព នៅខែមិថុនា ឆ្នាំ២០១៦៕