មកមើលសម្រស់ កញ្ញាឯកភពផែនដីកម្ពុជា ឆ្នាំ២០១៩ ទើបគ្រងមកុដថ្មីៗនេះ

18-01-2019 9:53am

កម្សាន្តៈ កាលពីយប់មិញនេះ នៅហាងស្រាទំពាងបាយជូ WINEST ស្ថិតនៅទល់មុខស្ថានទូតអាល្លឺម៉ង់ បានរៀបចំកម្មវិធីប្រកួតផ្តាច់ព្រត្រស្តីពីកម្មវិធីកញ្ញាឯកភពផែនដី (Miss Planet Cambodia) ក្រោមការចូលរួមពីស្រីស្អាតៗជាច្រើនដួង។

នេះជាការរៀបចំដោយកញ្ញារំដួលលិចទឹក ដែលមហាជនស្គាល់ថា កំពូលអ្នកផាត់មុខធ្វើសក់ដ៏ជំនាញសូម្បីតារាល្បីៗក៏យកនាងទៅផាត់ឲ្យ។ រយៈពេល៣ខែ ត្រូវបានដំណើរការព្រឹត្តិការណ៍ដោយបានឃ្លាំមើលជាប្រចាំរបស់គណៈកម្មាការលើវិន័យ ការងារ ភាពឈ្លាសវៃ និងការដាក់វិញ្ញាសាដល់បេក្ខជនទាំងអស់។

ឆ្លងកាត់តាមវគ្គជាច្រើនចំណាត់ថា្នក់លេខ១ បានទៅលើកញ្ញា រី ចំណានកល្យាណ អាយុ១៩ឆ្នាំដោយកញ្ញារស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាងមើលកាន់តែយូរ គឺកាន់តែស្រស់ស្អាត។ កល្យាណ មានកម្ពស់១ម៉ែត្រ៧០ ហើយមានបងប្អូន២នាក់ ប្រុស១ ជាកូនពៅ។ ស្រីស្អាតរូបនេះ មានមុខរបរជាអ្នក់លក់ឡេ និងគ្រឿងសម្អាងតាមអនឡាញ និងនៅផ្ទះជួយលក់គ្រឿងម៉ូតូឪពុកម្តាយ។ កល្យាណ ជាស្ត្រីដែលនិយមបែបសុភាព ហើយស្អប់អ្នកនិយាយមិនស្មោះត្រង់ចូលចិត្តអ្នកចេះតស៊ូក្នុងជីវិត។

តាមគម្រោងកម្មវិធីខាងលើនេះ នឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិ នៅថ្ងៃ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃ២ ខែមីនា ឆ្នាំ២០១៩ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ដូចនេះ តាមប្រភពមានប្រទេសជាង៦០មកចូលរួម មានន័យថា នេះជាព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតរបស់កម្ពុជា ក្នុងឆ្នាំ២០១៩នេះ។

កញ្ញារំដួលលេចទឹក ជាអ្នករៀបចំកម្មវិធី បានលើកសរសើរថា កញ្ញាលេខ១ ដែលគ្រងមកុដ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូកការក្លាហាន គឺមានចេញពីក្នុងខ្លួនមិនត្រឹមតែស្អាតទេ។ យើងនិងព្យាយាមបង្វឹកនាងឲ្យល្អបន្តទៀត ដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិខាងមុខ ដែលយើងជាអ្នករៀបចំ៕