ខួបលើកទី៩ ទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោល ឆ្នាំ២០១៩នេះ អ្នកចុះឈ្មោះចូលរួមកើនលើសពី​ការគ្រោងទុក

18-01-2019 8:25am

ភ្នំពេញៈ អ្នកគ្រប់គ្រងទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោលបញ្ជាក់ថា កីឡាករកីឡាការិនីចុះឈ្មោះចូលរួមក្នុងពានរង្វាន់ខួបលើកទី៩ ទីលានស៊ីធីហ្គោលឆ្នាំ២០១៩នេះ កើនលើសពី​ការគ្រោងទុក។

លោក លីគា អ្នកគ្រប់គ្រងទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោល បានប្រាប់អ្នកព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោលគម្រប់ខួប៩ឆ្នាំ ដែលគ្រោងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី២៧ ខែមករា ខាងមុននេះ មានអត្តពលិកចុះឈ្មោះចូលរួមប្រកួតមានរហូតជាង១០០នាក់ ដែលចំនួននេះ គឺកើនលើសពី​ការរំពឹងទុក។

អ្នកគ្រប់គ្រងទីលានកីឡាវាយកូនហ្គោលខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតនេះដំណើរពេញមួយថ្ងៃ ចែកចេញជា២វេន ពេលព្រឹក និងពេលរសៀល ហើយចែកជា២វិញ្ញាសា គឺ Flight A សម្រាប់កីឡាករ ដែលមានពិន្ទុហានីកាប់ទៀបមានន័យថា កីឡាករដែលមានបទពិសោធន៍លេងយូរឆ្នាំ និង Flight B សម្រាប់កីឡាករ ដែលមានពិន្ទុហានីកាប់ខ្ពស់ ទើបបានហ្វឹកហាត់ពុំសូវមានជំនាញនូវឡើយ។

អ្នកគ្រប់គ្រងទីលានដដែល អះអាងថា ការប្រកួតកីឡាវាយកូនហ្គោលនេះ ទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់នៃការកកើតទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោល ពិសេសទៀតនោះ យើងក៏មានបំណងយកព្រឹត្តិការណ៍ប្រកួតនេះជាការរួមចំណែកមួយបំផុសវិស័យកីឡាវាយកូនហ្គោលនៅប្រទេសកម្ពុជាផងដែរ។ជាមួយគ្នានេះ ក្នុងនាម លោកតំណាងឲ្យ​លោក ឧកញ៉ា ឈុន អូន ម្ចាស់ទីលានស៊ីធីហ្គោល សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូឯកជនដូចជា តេឡា និងភេសជ្ជៈប៉ូការីហ្សែត ដែលបានឧបត្ថម្ភគាំទ្រធ្វើអោយការប្រកួតដំណើរការប្រកួតបញ្ចប់ដោយជោគជ័យ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោលគម្រ​ប់ខួប៩ឆ្នាំនេះ ដំណើរការប្រកួតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅទីលានកីឡាវាយកូនហ្គោលស៊ីធីហ្គោល ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានកីឡាករចូលរួមជាង១០០នាក់ ក្នុងនោះក៏មានការចូលរួមពីកីឡាករបរទេសចំនួន២០នាក់មកពី៤ប្រទេស គឺ ចិន កូរ៉េ បារាំង និងអង់គ្លេស៕