Cristiano Ronaldo ជួយឲ្យក្រុម Juventus លើកពាន Supercoppa Italiana ជាលើកទី៨ជាប់ៗគ្នា

17-01-2019 3:52pm

បាល់ទាត់ៈ ការតែតបាល់បញ្ចូលទីរបស់កីឡាករ Cristiano Ronaldo ល្មមគ្រប់គ្រាន់សម្រាប់ក្រុម Juventus ឈ្នះក្រុម AC Milan ១-០ និងលើកពាន Supercoppa Italiana ជាលើកទី៨ជាប់ៗគ្នា នៅការប្រកួតមួយលេងនៅក្នុងទីក្រុងចេដាស់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់កីឡាករ Miralem Pjanic នៅក្នុងតង់ទី១ នៅក្នុងជំនួបរវាងក្រុមដែលជោគជ័យជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អ៊ីតាលី។

វាគឺជាគ្រាប់បាល់ទី១៦របស់ Ronaldoនៅក្នុងរដូវកាលនេះ សម្រាប់ក្រុម Juventusដែលកំពុងនាំមុខកំពូលតារាង Serie A។

កីឡាករ Patrick Cutrone ស៊ុតបាល់ប៉ះរបារទីសម្រាប់ក្រុម AC Milanដែលខ្សែបម្រើសញ្ជាតិកូឌីវ័រ Franck Kessie ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត។

កីឡាករ Gonzalo Higuain ដែលជាប់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លិប Chelseaនោះ ត្រូវបានណែនាំឲ្យចូលលេងជាកីឡាករបម្រុង ដោយអ្នកចាត់ការ Gennaro Gattuso របស់ក្រុម  AC Milan។

ប៉ុន្តែកីឡាករអាហ្សង់ទីនវ័យ៣១ឆ្នាំម្នាក់នេះ ដែលបច្ចុប្បន្នលេងជាកីឡាករខ្ចីជើងពីក្លិប Juventusនោះមិនអាចរកបានគ្រាប់បាល់ស្មើនោះទេ សម្រាប់ក្រុមAC Milanដែលត្រូវបានក្រុម Juventusបំបាក់០-៤នៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីខែឧសភា ឆ្នាំកន្លងទៅ៕