អតីតវាគ្មិនសភា ៖ លោក ត្រាំ មិនគួរចរចាលើបញ្ហាបិទរដ្ឋាភិបាលអាមេរិក ជាមួយសភានោះទេ

17-01-2019 2:51pm

អាមេរិកៈ អតីតវាគ្មិនសភា លោក ញូត ជីនហ្រ្គិច ដែលជាសម្ព័ន្ធមិត្តម្នាក់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់ជាប់ផុងទៅក្នុងករណីបិទរដ្ឋាភិបាលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក កាលពីទសវត្សរ៍ឆ្នាំ១៩៩០នោះ បាននិយាយកាលពីថ្ងៃពុធថា លោក ត្រាំ គួរតែឈប់ចរចាជាមួយវាគ្មិនសភា លោកស្រី ណានស៊ី ប៉េឡូស៊ី និងមេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាតទៅទៀត ហើយផ្ទុយទៅវិញ លោកគួរតែបង្កើនសំពាធលើសមាជិកគណប្រជាធិបតេយ្យ ជំនួសវិញ។

លោក ជីនហ្គ្រិច បាននិយាយថា លោកនឹងណែនាំឲ្យលោក ត្រាំ ជួបជុំគ្នានៅតាមស្រុកគណបក្សប្រជាធិបតេយ្យ ជាកន្លែងដែលលោកប្រធានាធិបតី ធ្វើបានល្អ អំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត កាលពីឆ្នាំ២០១៦ ក្នុងគោលដៅដើម្បីទទួលបានការគាំទ្រគ្រប់គ្រាន់ពីគណបក្សប្រជាធិបតេយ្យ ដើម្បីទម្លុះភាពទាល់ច្រកនាពេលបច្ចុប្បន្ននេះ។

លោក ជីនហ្រ្គិច បាននិយាយប្រាប់ CNN អំឡុងបទសម្ភាសន៍តាមទូរស័ព្ទ កាលពីថ្ងៃពុធថា ដំបូន្មានរបស់លោក គឺហេតុអ្វីបានជាអ្នកមិនរៀបចំការជួបជុំគ្នា៣កន្លែង នៅក្នុងស្រុកចំនួន៣ របស់គណបក្សប្រជាធិបតេយ្យ ដើម្បីឲ្យប្រជាជនបង្ហាញពីអារម្មណ៍របស់ខ្លួន និងពិនិត្យមើលថា តើគណបក្សប្រជាធិបតេយ្យ យល់ឃើញបែបណាចំពោះសំពាធផ្ទាល់បែបនេះ? លោក ត្រាំ គួរតែចាប់ផ្តើមផែនការភ្លាមៗ។ លោកគួរតែទៅដល់ផ្ទះសមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ៗ ហើយនិងមិនចាំបាច់ខ្វាយខ្វល់នឹងលោក ប៉េឡូស៊ី និងលោក ស្គូមើ នោះទេ។

សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលអាមេរិក បានអូសបន្លាយពេលដល់ថ្ងៃទី២៦ កាលពីថ្ងៃពុធ។ កំណត់ត្រាបិទរដ្ឋាភិបាលលើកមុន មានត្រឹមតែរយៈពេល២១ថ្ងៃប៉ុណ្ណោះ កាលពីឆ្នាំ១៩៩៥ ពេលដែលលោក ជីនហ្គ្រិច នៅជាវាគ្មិនសភា ហើយលោក ប៊ីល គ្លីនតុន គឺជាប្រធានាធិបតី ហើយនៅពេលនោះ លោក គ្លីនតុន និងគណបក្សសាធារណរដ្ឋ បានខ្វែងគំនិតគ្នា រឿងថវិកាសហព័ន្ធ៕