បទអត្ថាធិប្បាយ ៖ តើការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដល់ទីបញ្ចប់ដោយវិធីណា?

16-01-2019 4:23pm

អាមេរិកៈ ខណៈដែលការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឈានដល់សប្តាហ៍ទី៤ហើយនោះ គ្មាននរណាម្នាក់ មានចម្លើយ ថាតើវាគួរតែបញ្ចប់ទៅដោយវិធីណានោះទេ សូម្បីតែអ្នកដែលកំពុងតែចរចាលើបញ្ហាមួយក៏ដោយ។

ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្រកាន់ភ្ជាប់សំណើរបស់លោកសម្រាប់ថវិកាជាង៥ពាន់លានដុល្លារសម្រាប់ការកសាងកំផែង តាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក ខណៈដែលរដ្ឋសភាគណបក្សប្រជាធិបតេយ្យ នៅតែមិនព្រមផ្តល់មូលនិធិឲ្យដល់លោក។ បើគ្មានការគំាទ្ររបស់ពួកគេ លោកត្រាំ មិនអាចឆ្លងផុតផែនការនេះបានឡើយ ដើម្បីធានាថា ការផ្តល់មូលនិធិរបស់លោកមានលក្ខណៈស្របច្បាប់។

ខណៈនោះដែរ សមាជិកព្រឹទ្ធសភា លោក លីនសេ ហ្រ្គាមហ៊ែម បានលើកឡើងថា លោកប្រធានាធិបតី គួរតែបើករដ្ឋាភិបាលឡើងវិញបណ្តោះអាសន្ន ខណៈដែលក្រុមតំណាងរាស្រ្ត កំពុងជួបចរចា ប៉ុន្តែលោក ត្រាំ មិនចូលចិត្តគំនិតមួយនេះនោះឡើយ។

លោក ត្រាំ បាននិយាយថា នោះគឺជាអ្វីដែលលោក លីនសេ បានលើកឡើង តែលោកបានច្រានវាចោលទៅហើយ។ លោកមិនចាប់អារម្មណ៍លើវានោះទេ។ លោកចង់ដោះស្រាយវាឲ្យចប់សព្វគ្រប់ លោកមិនចង់ពន្យាពេលវានោះទេ។

ខាងក្រោមនេះ គឺជាច្រក៣ដែលគេសង្ឃឹមថា នឹងអាចឈានទៅរកការបញ្ចប់ការបិទរដ្ឋាភិបាលអាមេរិក បើទោះបីជាវាទំនងជាមិនអាចកើតឡើងក៏ដោយ៖

១. លោក ត្រាំ និងប្រធានរដ្ឋសភា កាត់បន្ថយកិច្ចព្រមព្រៀងលើអន្តោប្រវេសន៍

កាលពីមុន ការបិទរដ្ឋាភិបាល កម្រនឹងបញ្ចប់ទៅដោយជ័យជំនះដោយងាយស្រួលខ្លាំងណាស់ ផ្ទុយទៅវិញលុះត្រាតែមានការសម្របសម្រួលជាច្រើន ដែលភាគីនីមួយៗ ត្រូវផ្តល់សម្បទានអ្វីមួយ។ នៅក្នុងករណីនេះ ថវិកាដែលលោក ត្រាំ ស្នើសុំសម្រាប់កំផែងព្រំដែន ត្រូវតែដោះដូរ នឹងអ្វីមួយដូចជា​ ការការពារមនុស្ស ដែលនាំមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីពួកគេនៅក្មេង។

ក្រុមសមាជិកព្រឹទ្ធសភា ដឹកនាំដោយលោក ហ្រ្គាហ៊ែម បានពិភាក្សាលើការសម្របសម្រួលបែបនេះ កាលពីសប្តាហ៍មុន ប៉ុន្តែសេតវិមាន បានច្រានចោល។ លោកត្រាំ បានប្រកាសកាលពីឆ្នាំ២០១៧ថា លោកនឹងលប់ចោលកម្មវិធីវិធានការពន្យារពេលសម្រាប់ការមកដល់តាំងពីកុមារភាព ដែលវានឹងការពារដល់ “ក្រុមអ្នកស្វែងរកក្តីស្រមៃពិត” ហើយលោកនឹងរង់ចាំរហូតដល់​ការសម្រេចរបស់តុលាការកំពូលលើការលប់ចោលកម្មវិធីមួយនេះ មុនពេលចរចាឡើងវិញ។

ហេតុផលដែលវាទំនងជាមិនអាចទៅរួចនោះ គឺដោយសារតែលោក ត្រាំ ធ្លាប់បានច្រានចោលការសម្របសម្រួលស្រដៀងគ្នានេះ កាលពីឆ្នាំ២០១៨។

២. ការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភា

លោក មីច ម៉ាក់ខូណែល គឺជាមេដឹកនាំគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា បាននិយាយថា លោកនឹងមិនដាក់សេចក្តីព្រាងច្បាប់ ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល ឲ្យបោះឆ្នោតនោះទេ ដរាបណាតែលោក ត្រាំ និយាយថា លោកនឹងចុះហត្ថលេខា។ ប៉ុន្តែបើសិនជាលោកធ្វើបែបនេះពិតមែន វានឹងត្រូវការការគាំទ្រពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីសម្រេចបានសំឡេងឆ្នោត៦០ភាគរយ ក្នុងការអនុម័តវានៅសភាជាន់ខ្ពស់។ លោក ត្រាំ ប្រហែលជាប្រើសិទ្ធិវ៉េតូជំទាស់សេចក្តីព្រាងច្បាប់នេះ ដែលនេះមានន័យថា វានឹងត្រូវការសំឡេងគាំទ្រ២ភាគ៣នៃសភានីមួយៗ ដើម្បីឈ្នះប្រធានាធិបតី។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋជាច្រើន ដែលកំពុងប្រឈមនឹងការបោះឆ្នោតឡើង​វិញនៅក្នុងឆ្នាំ២០២០នោះ រួមទាំងសមាជិកព្រឹទ្ធសភា ស៊ូសាន កូលីន មកពីរដ្ឋម៉េន និងសមាជិកព្រឹទ្ធសភា ខូរី ហ្គាដនើ មកពីរដ្ឋកូឡូរ៉ាដូ បានអំពាវនាវកាលពីសប្តាហ៍មុន ឲ្យបើករដ្ឋាភិបាលឡើងវិញ ដោយមិនចាំបាច់មានថវិកាសម្រាប់កំផែងព្រំដែនលោក ត្រាំ ជាហេតុធ្វើឲ្យក្រុម​យុទ្ធសាស្រ្តមួយចំនួន ព្យាករណ៍ថា គេនឹងមានសមាជិកព្រឹទ្ធសភាជាច្រើនទៀត ធ្វើតាមពួកគេ។

ហេតុផលដែលវាទំនងជាមិនអាចកើតឡើងនោះ ដោយសារតែការស្ទង់មតិបង្ហាញថា សមាជិកព្រឹទ្ធសភា នៅតែឈរខាងលោក ត្រាំ លើការបិទរដ្ឋាភិបាល និងការកសាងកំផែងព្រំដែន។

៣. លោកត្រាំ ប្រកាសអាសន្នជាតិ

កាលពីសប្តាហ៍មុន លោក ត្រាំ បានធ្វើឲ្យខ្ចខ្ចាយគំនិតនៃការប្រើប្រាស់ការប្រកាសអាសន្នជាតិ ហើយនិងប្រើប្រាស់អំណាចប្រតិបតិ្តរបស់លោក ដើម្បីធ្វើវិទ្ធង្សនាផ្នែកនិតិបញ្ញតិ្ត និងកសាងកំផែងព្រំដែន ដោយឯកតោភាគី។ ក្រុមអ្នកជំនាញច្បាប់ បាននិយាយថា លោក ត្រាំ នឹងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ប៉ុន្តែក្រុមតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ បានច្រានចោលនូវទស្សនៈមួយនេះ ដោយពួកគេអះអាងថា លោក ត្រាំ គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។

លោកត្រាំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកទំនងជាមិនប្រកាសអាសន្នជាតិនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ សមាជិកដទៃទៀតនៅក្នុងជួរគណបក្សរបស់លោក បានធ្វើការក្រើនរំឭកថា ការធ្វើបែបនេះ អាចនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រធានាធិបតី ដើម្បីប្រាប់ក្រុមបោះឆ្នោតរបស់លោកថា លោកបានធ្វើអ្វីៗគ្រប់បែបយ៉ាង តាមអំណាចរបស់លោកដើម្បីព្យាយាមកសាងកំផែងព្រំដែន បើទោះបីជាវាបញ្ចប់ទៅជាមួយនឹងការតតាំងក្នុងប្រព័ន្ធតុលាការក៏ដោយ។

ហេតុផលដែលវាទំនងជាមិនអាចកើតឡើងនោះ គឺលោកត្រាំអាចធ្វើវាបានស្រួល ប៉ុន្តែច្បាស់ណាស់ថា លោកមិនធ្វើបែបហ្នឹងនោះទេ៕