នីរិទ្ធ អែនឌ្រូ ងាកមកចាប់អាជីពច្រៀងកាត់សក់ការ រយៈពេលខ្លីបានជិត១០០រោង

16-01-2019 7:33am

ភ្នំពេញៈ លោល នីរិទ្ធ អែនឌ្រូ ជាពិធីករ និងតារាសម្តែងម្នាក់ ដែលអ្នកសិល្បៈមួយចំនួនស្គាល់តាមរយៈកម្មវិធីមួយចំនួនដូចជា ការងារមនុស្សធម៌។ អ្វីដែលធ្វើឲ្យ​គេភ្ញាក់ផ្អើលលោកបានងាកទៅច្រៀងភ្លេងការតាមបែបប្រពៃណីយ៉ាងប្លែក ហើយមុខរបរនេះ លោកទើបតែចាប់យកក្នុងរដូវការថ្មីនេះប៉ុណ្ណោះ ដោយលោកអរស្ទើរហោះ ក្រោយមានភាពកាក់កបរហូតមានរោងការដល់ទៅជិត១០០រោង។

លោក នីរិទ្ធ​ អែនឌ្រូ ក្រោយយល់ថា មានទឹកដមសំឡេងល្អ លោកក៏​ងាកគិតទៅហាត់រៀនជំនាញច្រៀងចម្រៀងបុរាណបែបប្រពៃណីភ្លេងខ្មែរតាមរយៈលោកគ្រូសាស្ត្រាចារ្យល្បីៗមួយចំនួនរយៈពេល២ទៅ៣ខែ។ ដំណើរនេះដោយសារតែយល់ថា ចម្រៀងសម័យទំនើបមានតារាហូរហៀរខ្លាំង ទើបលោកងាកប្តូរឲ្យ​ខុសគេ។ លុះលោកចាប់យកការងារនេះជាអាជីពស្រាប់តែហក់ឡើងទីផ្សារដើរច្រៀងមង្គលការក្នុងកម្មវិធីពេលព្រឹកយ៉ាងមមាញឹកជោគជ័យខ្លាំង ស្ទើរតែមិននឹកស្មានថា លោកអាចធ្វើបាន។

លោក នីរិទ្ធ​ អែនឌ្រូ បានឲ្យ​ដឹងថា លោកទើបតែចូលច្រៀងកាត់សក់ការ តាមបណ្តារោងការនានាមួយរយៈនេះ ពោលចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩។ លោកបានចូលរៀនច្រៀងវគ្គខ្លីៗពីសាលាវិចិត្រសិល្បៈ ពិសេសពីលោកគ្រូ យ៉ាន់ បូរិន និងលោកគ្រូ សំ អាត ពោលទាំងប្រពៃណី និងមហោរីជាមួយគ្នាតែម្តង។ រៀនផងអនុវត្តភ្លេងការតាមរោងការផង ទើបលោកបានរលូនទៅមុខបែបនេះ។

អែនឌ្រូ បន្តទៀតថា លោកក៏ចេះច្រៀងសម័យដែរ តែគិតថា មិនចាំបាច់ពេកនោះទេ។ អ្វីដែលសប្បាយចិត្តលោកអាចចាប់អាជីពថ្មីច្រៀងតាមភ្លេងការបានរលូន ហើយមិនត្រឹមតែប៉ុណ្ណឹងទេលោកអាចលេងកំប្លែងពេលដល់ម៉ោងកាត់សក់កូនប្រុសកូនស្រីបានច្រើនរោងដែរ។ លោកថា ប្រសិនបើម្ចាស់ដើមការត្រូវការអ្នកកំប្លែងអាជីពច្រៀងកាត់សក់មិនមែនលោកក៏មានឲ្យ​គាត់រើសដែរឲ្យ​តែពេញចិត្ត។​ ភាគច្រើនមានមិត្តសួរច្រើនហើយភ្ញាក់បែរជាឃើញច្រៀងការធ្វើឲ្យ​សរសើរគ្រប់គ្នា។

លោកនឹងព្យាយាមអនុវត្តន៍ការងារផ្នែកនេះឲ្យ​បានល្អដូចជាសមត្ថភាពកាន់តែប្រសើរព្រោះរយៈពេល៣ខែជាងរវល់ច្រៀងព្រឹកៗស្ទើររាល់ថ្ងៃ បើតួលេខរោងការជិត១០០រោងអរស្ទើរហក់ព្រោះយើងរកលុយបានជួយជីវភាពឲល្អ៕