បន្តកាត់ទោសក្រុមលោក ថោង សារ៉ាត់ ពាក់ព័ន្ធឃាតកម្មសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

15-01-2019 2:36pm

ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានរបើកសវនាការកាត់ទោសលោកថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) ពាក់ព័ន្ធអំពើឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី ២២វិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។

សវនាការនេះ ដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ។

ជាការកត់សម្គាល់សវនាការនេះ ពុំមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ទេ ជនជាប់ចោទរូបនេះ បានដាក់លិខិតមកតុលាការ ដោយបញ្ជាក់ថា ខ្លួនមានបញ្ហាសុខភាព សុំមិនចូលរួមសវនាការទេ។ ចំណែកអតីតកងអង្គរក្សចំនួន៤នាក់ទៀតត្រូវបានបញ្ជូនក្នុងរង្វង់ក្រចកសេះដើម្បីកាត់ទោស។

ចំពោះសាក្សីសំខាន់ៗចំនួនជាង២០នាក់ ក៏អវត្តមានដែរ ដូចជា ឧកញ៉ា ឈាង ប៉ាក់សួគ៍ ឧកញ៉ា នង សាវុធ មេធាវីឌុក ទីប៉ាណា មេធាវីទី គឹមស្រ៊ាន ជាដើម។

រាប់ទាំងការកាត់ទោសនាព្រឹកថ្ងៃទី ១៥មករា ឆ្នាំ២០១៩ នេះជាលើកទី ២៣ហើយក្នុងរយៈពេលជាង៣ឆ្នាំដែលតុលាការបានជំនុំជំរះលើសំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ បន្ទាប់ពីតុលាការបានចេញសាលក្រមចាត់របៀបអោយមានការសើបអង្កេតលើចំណុចសង្ស័យមួយចំនួនទៀតកាលពីឆ្នាំមុន។

ក្នុងការចាប់ផ្ដើមសវនាការបន្តនេះ តុលាការបានសម្រេចសាកសួរដេញដោលជនជាប់ចោទទាំងអស់នូវចំណុចសង្ស័យមួយចំនួនទៀតដែលជាលទ្ធផលនៃការសើបសួរបន្ថែម និងអង្គហេតុនៃការពាក់ព័ន្ធតែប៉ុណ្ណោះ។ ចំពោះការចោទប្រកាន់តុលាការបន្តការចោទ ៖

-ទី១ ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

-ទី២ ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និង ទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។

-ទី៤ ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំពោះការសួរដេញដោល តុលាការនឹងបន្តនៅព្រឹកថ្ងៃទី ១៦មករានេះ។

សូមរំលឹកថាជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរផ្សារអូឡាំពិក។

ក្នុងសវនាការចំនួន២២លើកកន្លងទៅក្រុមជនជាប់ចោទបានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។

គួររំឮកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។

ចំពោះសំណុំរឿងឃាតកម្ម បើកកនុងករណីតុលាការរកឃើញថាលោកថោង សារ៉ាត់ ជាអ្នកបញ្ជាអោយសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការនោះក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារមួយជីវិត។ នេះបើយោងតាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ៕